Cctimesw1140xh150cm copy

កុមារាម្នាក់បានរងការកេងប្រវ័ញ្ចលើពិការភាព បានទទួលការអប់រំ បន្ទាប់ពីត្រឡប់មកពីថៃវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការយូនីសេហ្វកម្ពុជា

បន្ទាយមានជ័យ៖ កុមារា កុសល ទើបតែមានអាយុ ១០ ឆ្នាំប៉ុណ្ណោះ នៅពេលដែលឪពុកម្ដាយរបស់គេបានបញ្ជូនគេទៅប្រទេសថៃ ដោយសង្ឃឹមថាកុសល នឹងទទួលបាននូវការថែទាំដែលខ្លួនជាឪពុកម្ដាយមិនអាចផ្ដល់ឲ្យបាន។ ឪពុកម្ដាយរបស់កុសលត្រូវ​បាន​​ឆបោក​ដោយ​ឈ្មួញ​ជួញដូរ​មនុស្ស​ជន​ជាតិ​ថៃ​មួយ​ក្រុម ដែលបានបញ្ចុះបញ្ចូលពួកគេ ថាពួកគេនឹងមើល​ថែកុសលឲ្យដូចជាកូនបង្កើតរបស់ខ្លួន ហើយបានសន្យាថានឹងផ្ញើលុយកាក់ឲ្យឪពុកម្ដាយ​កុសល​ជារៀង​រាល់ខែផង។ ឈ្មួញទាំងនោះចង់កេងប្រវ័ញ្ចលើពិការភាពរបស់កុសល ហើយនៅ​ទីបំផុតកុសលក៏ត្រូវបានគេប្រើឲ្យដើរសុំទាននៅតាមដងផ្លូវ។ ៣ឆ្នាំក្រោយមក កុសល ត្រូវបានប៉ូលីសថៃចាប់បញ្ជូនកមកម្ពុជាវិញ ហើយកុសល ក៏បានមករស់នៅក្នុងអង្គការដំណក់ទឹក និងទទួលបានការអប់រំនៅទីនោះ។

កើតមកក្រិន និងរស់នៅក្នុងគ្រួសារក្រីក្រ នៅក្នុងខេត្តកំពង់ចាម កាលនោះកុសលទើបតែមានអាយុ ១០ ឆ្នាំប៉ុណ្ណោះ នៅពេលដែលឪពុកម្ដាយរបស់គេបានបញ្ជូនគាត់ទៅប្រទេសថៃ ដោយសង្ឃឹមថាកូនរបស់គាត់នឹងទទួលបាននូវការថែទាំដែលខ្លួនជាឪពុកម្ដាយមិនអាចផ្ដល់ឲ្យបាន។ ឪពុកម្ដាយរបស់កុសលត្រូវ​បាន​​ឆបោក​ដោយ​ឈ្មួញ​ជួញដូរ​មនុស្ស​ជន​ជាតិ​ថៃ​មួយ​ក្រុម ដែលបានបញ្ចុះបញ្ចូលពួកគាត់ថាពួកគេនឹងមើល​ថែកុសលឲ្យដូចជាកូនបង្កើតរបស់ខ្លួន ប៉ុន្ដែឈ្មួញទាំងនោះចង់កេងប្រវ័ញ្ចលើពិការភាពរបស់កុសល ហើយនៅ​ទីបំផុតកុសលក៏ត្រូវបានគេប្រើឲ្យដើរសុំទាននៅតាមដងផ្លូវ។

ដោយទទួលរងនូវការបំពាន និងធ្វើបាបដែលធ្វើឲ្យចុះខ្សោយកម្លាំងរហូតកុសលមានអាយុ ១៣ឆ្នាំ ក្រោយមក កុសលក៏ត្រូវបានចាប់ខ្លួនដោយប៉ូលីសថៃពីបទដើរសុំទាន ហើយត្រូវបានបញ្ជូនមកមជ្ឈមណ្ឌលឃុំខ្លួន រង់ចាំការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។ បន្ទាប់ពីមកដល់ប្រទេសកំណើតវិញ កុសលត្រូវបញ្ជូនមកមណ្ឌលសំចតក្រុងប៉ោយប៉ែត (PTC) ដែលគ្រប់គ្រងដោយ​រដ្ឋាភិបាល និងការិយាល័យទេសន្តប្រវេសន៍កុមារ (CMO) ដែលប្រតិបត្តិដោយអង្គការតំណក់ទឹក ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយកុមារងាយរងគ្រោះ កុមាររងគ្រោះពីការជួញដូរ និងការធ្វើសមាហរណកម្មកុមារទាំងនោះទៅក្នុងសហគមន៍វិញ។

កុសលចាំបានថាគេមកពីខេត្តកំពង់ចាម ប៉ុន្តែមិនចាំឈ្មោះភូមិទេ ដូច្នេះភ្នាក់ងារសង្គមកិច្ចនៃបណ្ដាញកម្មវិធីភាពជាដៃគូដើម្បីការពារកុមារ (3PC) ដែលគាំទ្រដោយយូនីសេហ្វក៏បានចាប់ផ្ដើមធ្វើការងាររបស់ខ្លួនក្នុងការស្វែងរកគ្រួសាររបស់កុសលដោយសង្ឃឹមថានឹងអាចបញ្ជូនគេទៅក្នុងគ្រួសារដើមវិញ។ នៅពេលដែលភ្នាក់ងារសង្គមកិច្ចបានរកឃើញគ្រួសាររបស់កុសល ពួកគេរស់នៅអនាថាគ្មានផ្ទះសម្បែង ហើយមានជីវភាពក្រីក្រខ្លាំងថែមទាំងជំពាក់បំណុលគេទៀតផង។ ដូច្នេះអង្គការតំណក់ទឹកក៏សម្រេចថាជម្រើសដ៏ល្អបំផុតសម្រាប់កុសល គឺបញ្ជូនគាត់មករស់នៅក្នុងមណ្ឌលថែទាំបណ្ដោះអាសន្ន (TCF) ដែលដំណើរការដោយអង្គការតំណក់ទឹកសិន ព្រោះគាត់អាចស្នាក់នៅ និងរៀនសូត្រក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ (NFE)។

កុមារា កុសលបាននិយាយថា មុននឹងមកដល់ទីនេះជីវិតរបស់គេលំបាកណាស់។ កុសល រស់នៅក្នុងប្រទេសថៃ ហើយនៅពេលដែលត្រូវបានគេបញ្ជូនមកប្រទេសកម្ពុជាវិញ កុសលមិនដែលបានរៀនសូត្រទេ គ្មានកន្លែងស្នាក់នៅ និងគ្មានអ្វីទទួលទានទេ។ នៅពេលបានមកដល់អង្គការតំណក់ទឹកនេះ កុសលមានកន្លែងសុវត្ថិភាពស្នាក់នៅ និងអាហារបីពេលក្នុងមួយថ្ងៃ។ កុសល បានរៀនសូត្រ ហើយបានលេងជាមួយនឹងមិត្តភ័ក្ដិរបស់ខ្លួនថែមទៀតផង។

ត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ កុសល បានបង្ហាញសក្តានុពលរបស់ខ្លួននៅក្នុងថ្នាក់ ហើយត្រឹមតែមួយឆ្នាំនៃការសិក្សារបស់គេនៅក្នុងមណ្ឌល TCF គេក៏ត្រូវបានផ្ទេរមកចូលក្នុងកម្មវិធី NFE វិញ ដើម្បីបញ្ចប់ថ្នាក់ទី ៦ ជាឆ្នាំចុងក្រោយនៃសាលាបឋមសិក្សា។ កុសលបានបន្តជាសិស្សដែលរៀនពូកែនៅក្នុងថ្នាក់ទៀត ដូច្នេះគ្រូរបស់គេបានសំណូមពរឲ្យកុសលដាក់ពាក្យរៀននៅថ្នាក់អនុវិទ្យាល័យ ដែលគ្រប់គ្រងដោយអង្គការផ្សេងវិញ។ កុសលត្រូវបាន ទទួលឲ្យចូលរៀន ហើយឥឡូវនេះកំពុងរៀននៅក្នុងថ្នាក់ពេញម៉ោង និង នៅក្នុងថ្នាក់បន្ថែមទៀតរាល់ថ្ងៃសៅរ៍ពេលព្រឹក ដើម្បីអនុវត្តបន្ថែមលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា។

កុសលបានបញ្ជាក់ថា មុខវិជ្ជាដែលកុសលចូលចិត្តគឺភាសាអង់គ្លេស និងកុំព្យូទ័រ។ កុសលចូលចិត្តថ្នាក់សន្ទនាភាសាអង់គ្លេស និងចូលចិត្តសិក្សាមុខវិជ្ជាកុំព្យូទ័រណាស់។ គេចង់រៀនបន្ថែមទៀតអំពីរបៀបប្រើប្រាស់វា។ សាលារៀនបច្ចុប្បន្នរបស់កុសលមានមុខវិជ្ជាអំពី ICT តែចំនួនពីរម៉ោងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ដូច្នេះគេសោកស្ដាយ ដែលមិនអាចអនុវត្តបានច្រើនតាមចិត្តដែលគេចង់ ព្រោះកុសលអត់មានកុំព្យូទ័រប្រើប្រាស់នៅក្រៅសាលារៀនទេ។

ទោះបីជាមានការប្រឈមបែប​នេះក្ដី ប៉ុន្តែកុសលនៅតែមានក្តីសុបិន្តដ៏ធំមួយសម្រាប់អនាគតរបស់ខ្លួន។ កុសល ចង់បន្តការសិក្សារបស់ខ្លួននៅថ្នាក់សាកលវិទ្យាល័យ។ គោលដៅទីមួយរបស់កុសលគឺត្រូវខំរៀនភាសាអង់គ្លេសឲ្យប្រសើរជាងនេះទៀត ពីព្រោះភាសាអង់គ្លេសចាំបាច់ណាស់សម្រាប់ការងារទាំងអស់លើកុំព្យូទ័រដែលគេចង់ធ្វើ។ កុសលចង់រចនាកុំព្យូទ័រឲ្យមានម៉ូដខុសៗគ្នា និងសរសេរកម្មវិធីកុំព្យូទ័រផងដែរ។ កុសលដឹងថាឋ្លួនមិនសូវមានសុខភាពមាំទាំ ដូច្នេះគេគិតថាបើគេមានជំនាញអាចរចនាកុំព្យូទ័របាន នោះវាពិតជាល្អណាស់សម្រាប់រូបខ្លួនគេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង