ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចពីការបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី និងមន្ទីរសម្រាកព្យាបាល សែនមានជ័យ ខណៈមន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាលទាំងពីរនេះមិនគោរពកិច្ចសន្យាជាមួយក្រសួងសុខាភិបាល ដោយបានប្រើប្រាស់រថយន្តសង្គ្រោះរបស់ខ្លួនដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមទីសាធារណៈ និងបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។
បើតាមសេចក្តីប្រកាស ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។
ទន្ទឹមនឹងនេះ ក្រសួងក៏បានសម្រេចបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តកំហុសដដែលៗ ដោយបានយករថយន្តសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំ៕