ចិន៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំងអង្គារនេះដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបង្អស់របស់លោកចាប់តាំងពីលោកបានបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែននេះក៏ជាដំណើរទស្សនកិច្ច ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) ដែលកំពុងតែប្រារព្ធនៅថ្ងៃអង្គារ និងថ្ងៃពុធ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិនក្នុងសប្តាហ៌នេះ។ វេទិកានេះគឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុតដែលរៀបចំដោយប្រទេសចិនរហូតមកដល់ពេលនេះនៅឆ្នាំនេះ និងជាការប្រារព្ធពិធីដ៏សំខាន់បំផុតសម្រាប់ខួបលើកទី 10 នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរឺហៅកាត់ថា (BRI)។
រហូតមកដល់ពេលនេះ តំណាងប្រទេសជាង ១៤០ និងអង្គការអន្តរជាតិចំនួន ៣០ រួមទាំងមេដឹកនាំរដ្ឋ ប្រធានអង្គការអន្តរជាតិ មន្ត្រីក្រសួង និងអ្នកតំណាងនៃវិស័យធុរកិច្ច បណ្ឌិតសភា និងអង្គការមិនមែនរដ្ឋាភិបាលបាននឹងកំពុងមានវត្តមានក្នុងព្រឹត្តិការណ៍នេះ។
ខ្សែក្រវ៉ាត់ និងផ្លូវសតវត្សរ៍ទី 21 ត្រូវបានផ្តួចផ្តើមដោយប្រទេសចិនក្នុងឆ្នាំ ២០១៣ ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ីជាមួយអឺរ៉ុប អាហ្វ្រិក និងលើសពីនេះ តាមបណ្តោយផ្លូវពាណិជ្ជកម្មផ្លូវសូត្របុរាណចិន។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ បានចុះហត្ថលេខាលើឯកសារនៅក្នុងក្របខ័ណ្ឌ BRI ។ចិន និងរុស្សី គឺជាអ្នកជិតខាងដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក និងជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៃការសម្របសម្រួល។ ប្រទេសទាំងពីរគឺជាមហាអំណាចដ៏ធំក្នុងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកពូទីនបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង ហើយចាប់តាំងពីឆ្នាំ ២០១៣ មក មេដឹកនាំនៃប្រទេសចិន និងរុស្ស៊ីបានជួបគ្នាចំនួន ៤០ ដងក្នុងឱកាសទ្វេភាគី និងអន្តរជាតិ។
គួរបញ្ជាក់ថាកាលពីខែមីនាឆ្នាំនេះ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃសាធារណៈរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្សីស្តីពីការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី។ ភាគីទាំងពីរបានឯកភាពអនុវត្តតាមគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្សីក្នុងរយៈពេល ១៣ ឆ្នាំដែលកំពុងដំណើរការ ហើយកាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីមានលើសពី ១៩០ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១១៦ ភាគរយធៀបនឹងដប់ឆ្នាំមុន៕