ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ សម្រាប់ការពិភាក្សាលើទំនាក់ទំនងរវាងចិន និងរុស្សី និងបញ្ហាអន្តរជាតិសំខាន់ៗចំពេលមានការព្រួយបារម្ភរួម រួមទាំងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលកំពុងបន្ត។កិច្ចប្រជុំនេះបានធ្វើឡើងមុនវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទីបីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលគ្រោងធ្វើនៅថ្ងៃអង្គារ និងថ្ងៃពុធនៅទីក្រុងប៉េកាំង។
លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់ថាឆ្នាំនេះ ដែលជាខួបលើកទី 10 នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្នើឡើងដោយប្រធានាធិបតី Xi Jinping គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការតភ្ជាប់អតីតកាលជាមួយអនាគត។ លោកបន្តថា ប្រទេសចិនកោតសរសើរចំពោះការវាយតម្លៃខ្ពស់របស់ប្រធានាធិបតីរុស្សី លោក Vladimir Putin ចំពោះកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសចិនស្វាគមន៍ចំពោះប្រទេសរុស្សីសម្រាប់ការបន្តការចូលរួមយ៉ាងសកម្មរបស់ខ្លួននៅក្នុងគំនិតផ្តួចផ្តើមក្នុងការរួមចំណែកបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៍ និងវិបុលភាពរួមរវាងចិន-រុស្សី។
ចំណែកប្រមុខរដ្ឋមន្រ្តីការទូតរុស្សី លោក Lavrov បាននិយាយថា រុស្សី និងចិនបានរក្សាសន្ទុះដ៏ល្អក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ រុស្សីរំពឹងថានឹងរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធជាមួយចិន និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង។លោក Lavrov បានកត់សម្គាល់ថា លោកប្រធានាធិបតី Putin ទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការជួបជាមួយប្រធានាធិបតី Xi ក្នុងឱកាសចូលរួមវេទិកានេះ ដោយបង្ហាញទំនុកចិត្តលើភាពជោគជ័យនៃព្រឹត្តិការណ៍នេះ។
សម្រាប់លោក Wang ប្រទេសចិនថ្កោលទោសគ្រប់ទម្រង់នៃសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងប្រឆាំងរាល់ទង្វើដែលបំពានច្បាប់អន្តរជាតិហើយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាំបាច់ត្រូវចាត់វិធានការ ហើយប្រទេសធំៗគួរតែដើរតួនាទីយ៉ាងសកម្មជុំវិញសន្តិសុខពិភពលោក៕