លីបង់៖ ភាពតានតឹងនៅតែបន្តកើតមាននៅតំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ននេះ ខណៈដែលភ្លើងសង្រ្គាមនៅតែបន្តកើតមានចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ស្ថានការណ៍នៅព្រំដែនលីបង់-អ៊ីស្រាអែល កាន់តែតានតឹងឡើង បន្ទាប់ពីក្រុមយោធា Hezbollah របស់ប្រទេសលីបង់ បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ ទៅកាន់ទីតាំងយោធាអ៊ីស្រាអែល នៅក្នុងកសិដ្ឋាន Shebaa ដើម្បីបង្ហាញការគាំទ្រដល់ "ប្រតិបត្តិការ Al-Aqsa Flood" ដែលធ្វើឡើងដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ដែលជំរុញឱ្យ កងកម្លាំងអ៊ីស្រាអែលត្រូវឆ្លើយតបដោយការបាញ់កាំភ្លើងធំតបទៅលីបង់វិញ។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយក្រុមហេសបូឡាកាលពីថ្ងៃអាទិត្យបាននិយាយថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានវាយប្រហារ "ទីតាំង Zionist" នៅតាមព្រំដែនចំនួនប្រាំដែលរួមមាន Jal al-Alam, Barakat Risha, Ramya, Al-Manara និង Al-Abad ដែលជាតំបន់សមរភូមិក្តៅ។ ក្រុមទាហានលីបង់ក៏បានបាញ់ផ្លោងទៅលើការតាំងទីលំនៅ Hanita ដែលបណ្តាលឱ្យមានការខូចខាតរថក្រោះ Merkava ចំនួនពីរ និងរងរបួសជាច្រើននាក់នៅក្នុងជួរកងទ័ពអ៊ីស្រាអែល។
ក្រុម Hezbollah បាននិយាយថា ការវាយប្រហាររបស់ខ្លួនក៏បានកំណត់គោលដៅកាមេរ៉ាឃ្លាំមើល និងឧបករណ៍បច្ចេកទេសដែលអ៊ីស្រាអែលបានដំឡើងនៅក្នុងការតាំងទីលំនៅ Al-Motella ។ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួក Hezbollah កាំភ្លើងធំរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់ផ្លោងជាង ៥០ គ្រាប់ទៅកាន់ទីប្រជុំជន Mays al-Jabal, Hula, Aita al-Shaab, Marwahin និង al-Qalila ដែលបណ្តាលឱ្យខូចខាតផ្ទះចំនួន ១២ ខ្នងនៅក្នុងភូមិ Qalila។
ដើម្បីទប់ស្កាត់ស្ថានការណ៍ និងធានាបាននូវប្រតិបត្តិការរលូនក្នុងតំបន់ Gaza Strip អ៊ីស្រាអែលបានប្រកាសដាក់ពង្រាយទាហានបន្ថែមទៀតនៅព្រំដែនភាគខាងជើង។ អ៊ីស្រាអែលបានប្រមូលផ្តុំទាហានបម្រុងចំនួន ៣៦ម៉ឺននាក់ ហើយបានបញ្ជូនពួកគេមួយចំនួនទៅកាន់ព្រំដែនលីបង់-អ៊ីស្រាអែល។បន្ទាប់ពីការវាយប្រហាររបស់ក្រុម Hezbollah នៅថ្ងៃអាទិត្យ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុម Hezbollah និងបានទម្លាក់គ្រាប់បែកនិងបានកម្ទេចឧទ្ធម្ភាគចក្រជាច្រើនគ្រឿងរបស់សត្រូវ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសនៅថ្ងៃដដែលថា អ៊ីស្រាអែលគ្មានផលប្រយោជន៍ក្នុងការបង្កើនជម្លោះជាមួយលីបង់នោះទេ។ លោកបានព្រមានក្រុម Hezbollah នឹងខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើខ្លួនជ្រើសរើសប្រយុទ្ធជាមួយអ៊ីស្រាអែល៕