អ៊ីស្រាអែល៖ ក្រសួងសុខភាពរបស់ប្រទេសអ៊ីស្រាអែលបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការវាយប្រហារសងសឹកឥតឈប់ឈររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៤,១០០ នាក់ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលារបស់ពួកសកម្មប្រយុទ្ធហាម៉ាស់មកលើប្រទេសអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងទៀតថាពួកគេបានបន្តស្វែងរក និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស និងផ្តាច់ជីវិតក្រុមយុទ្ធជនហាម៉ាស់នៅកណ្តាលក្រុងហ្គាហ្សាអស់ជាច្រើននាក់ ដែលនេះអ៊ីស្រាអែលបានចាត់ទុកថាជាការឆ្លើយតបចំពោះការវាយប្រហារមកលើដែនដីរបស់ខ្លួនកាលពីពេលកន្លងទៅ។
ចំណែកក្រុមយោធាហាម៉ាស់បានអះអាងថាកងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥៤ នាក់ និងរបួស ១០៤ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤,១៥១ នាក់ និងរបួសដល់ទៅ ៧៧,០៨៤ នាក់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើជំរុំជនភៀសខ្លួន Bureij និង Nuseirat នៅកណ្តាលតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ៣ នាក់ ខណៈជាច្រើននាក់ទៀតរងរបួស៕