Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ចិន៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី១៦តុលានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣។ 

វត្តមាននៃការអញ្ជើញដល់របស់សម្ដេច ហ៊ុន​ ម៉ាណែត និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានទទួលការស្វាគមន៍ រាក់ទាក់ស្និទ្ធស្នាលជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិននិងមន្ត្រីថ្នាក់ដឹកនាំកម្ពុជាប្រចាំនៅប្រទេសចិនជាច្រើនផងដែរ ក្នុងនោះរួមមាន លោក Tang Renjlan រដ្ឋមន្ត្រីកសិកម្ម និងកិច្ចការជនបទ, ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ 

ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីន ពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3o BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះសម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតី នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជនបរទេសដទៃទៀតផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង