ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី១០ តុលា បានជួបជាមួយឯកអគ្គរាជទូតបែលហ្សិកប្រចាំតំបន់ ដោយផ្ដោតលើការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ទូតបែលហ្សិក បានបង្ហាញពីឆន្ទៈក្នុងការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជាតាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាកម្មវិធីថ្នាក់បណ្ឌិត និងអនុបណ្ឌិតជាមួយសកលវិទ្យាល័យល្បីៗមួយចំនួននៅប្រទេសប៊ែលហ្ស៉ិក។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Sibille de Cartier d’Yves ឯកអគ្គរាជទូតប៊ែលហ្ស៉ិកប្រចាំតំបន់ (កម្ពុជា ថៃ ភូមា និង ឡាវ) ដោយផ្ដោតលើការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ជាមួយគ្នានោះ លោកជំទាវ Siblle de Cartier dYves បានបង្ហាញពីឆន្ទៈក្នុងការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជាតាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាកម្មវិធីថ្នាក់បណ្ឌិត និងអនុបណ្ឌិតជាមួយសកលវិទ្យាល័យល្បីៗមួយចំនួននៅប្រទេសប៊ែលហ្ស៉ិក។
ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ លោកជំទាវបាន លើកឡើងពីសមិទ្ធផលធំៗដែលសម្រេចបានរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស (កម្រិតបណ្ឌិត ចំនួន១០នាក់ និងកម្រិតម៉ាស្ទ័រចំនួន ២៣នាក់) បង្កើតឲ្យមាន Double Degree Program សម្រាប់កម្មវិធីថ្នាក់បណ្ឌិតជាមួយសកលវិទ្យាល័យមួយចំនួននៅ ប្រទេសបែលហ្ស៉ិកតាមរយៈម៉ូដែល Co-Supervision system សាងសង់អន្តេវាសិកដ្ឋាន១ខ្នងសម្រាប់និស្សិតនារី (ចំនួន ៥០នាក់)
លើសពីនេះ កិច្ចសហប្រតិបត្តិការ នេះ បានបង្កើត និងបំពាក់សម្ភារៈពិសោធន៍សម្រាប់ដេប៉ាតឺម៉ង់សំណង់ និងដេប៉ាតឺម៉ង់មេកានិច ទំនើបកម្មបណ្ណាល័យដោយបំពាក់នូវប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ សៀវភៅ និងការបណ្ដុះបណ្ដាលបណ្ណារក្ស ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ IT និងបានជួយអភិវឌ្ឍប្រព័ន្ធ គ្រប់គ្រងសាលារៀន (school management system) កសាងសមត្ថភាពអ្នកស្រាវជ្រាវតាមរយៈការផ្តល់កញ្ចប់ថវិកាស្រាវជ្រាវដល់អ្នកស្រាវជ្រាវវិទ្យាស្ថាន ដាក់ឱ្យដំណើរការនូវការិយាល័យទំនាក់ទំនងសហគ្រាស ។
ក្នុងឱកាសនេះដែរ លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីរដ្ឋាភិបាលបែលហ្សិក ដោយផ្ទាល់ជាមួយវិទ្យាស្ថានបច្ចេកកម្ពុជា និងតាមរយៈអង្គការ VVOB ដែលកំពុងអនុវត្តសកម្មភាពខ្លួនស្របតាមកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងអប់រំយុវជន និងកីឡា រយៈពេល៥ឆ្នាំ (២០២២- ២០២៦) ដែលបានផ្តល់វគ្គបំប៉នពាក់ព័ន្ធនឹង ការពង្រឹងវិធីសាស្ត្របង្រៀន និងរៀនគណិតវិទ្យាកម្រិតបឋមសិក្សា, ប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀន, និង ការគាំទ្រគណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យ និងសាលាបឋមសិក្សាលើផ្នែកភាពជាអ្នកដឹកនាំសាលារៀន យេនឌ័រ និងសាលាមេត្រីបរិស្ថាន៕