ថៃ៖ រដ្ឋាភិបាលថៃ នៅថ្ងៃទី១០ តុលានេះ បានឱ្យដឹងថាមានពលរដ្ឋថៃត្រូវបានសម្លាប់កើនដល់ ១៨នាក់ និង ១១ នាក់ត្រូវចាប់ជាចំណាប់ខ្មាំង ក្នុងសង្រ្គាមរវាងអុីស្រាអែល និងប៉ាឡេស្ទីន។ នៅក្នុងនោះ កម្មករថៃ ៣,០០០ នាក់ បានស្នើដល់រដ្ឋាភិបាលខ្លួនចង់ចាកចេញពីតំបន់ជម្លោះ ហើយយន្តហោះពិសេសរបស់រដ្ឋាភិបាលថៃកំពុងត្រូវបានរៀបចំដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ។
លោក Jakkapong Sangmanee អនុរដ្ឋមន្រ្តីការបរទេសថៃ បានលើកឡើងថា តួលេខថ្មីនៃអ្នកបាត់បង់ជីវិតបានកើនដល់ ១៨ នាក់ និង ១១ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ហើយមន្ត្រីថៃកំពុងតែធ្វើការ ដើម្បីជម្លៀសជនជាតិថៃរបស់ខ្លួនរាប់ពាន់នាក់ចេញពីសង្រ្គាមរវាងអុីស្រាអែល និងប៉ាឡេស្ទីន ដែលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ។ លោកបន្តថា ប្រជាជនថៃប្រមាណ ៥,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់មានហានិភ័យខ្ពស់ ទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រជាជនថៃជាង ៣,០០០នាក់ បានស្នើសុំវិលត្រឡប់មកកាន់ប្រទេសថៃវិញ។
ក្រសួងការបរទេសថៃ បានអះអាងថា រដ្ឋមន្រ្តីការបរទេសថៃ បានធ្វើការទាក់ទងជាប់ជានិច្ចជាមួយភាគីអុីស្រាអែល ហើយបានដាក់សំណើជាផ្លូវការ ដើម្បីសុំឱ្យខាងអុីស្រាអែល ជួយសម្រេចឱ្យបានការដោះលែងចំណាប់ខ្មាំង។ ក្រសួងការងារនៃប្រទេសថៃ បានគូសបញ្ជាក់ថា មានពលករថៃសរុបប្រហែល ៣០,០០០នាក់ ដែលស្ថិតនៅក្នុងប្រទេសអុីស្រាអែល ហើយភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ សង្គ្រាមអុីស្រាអែល-ប៉ាឡេស្ទីន មានរយៈពេល៣ថ្ងៃ ហើយមានមនុស្សជាង ២០០០ នាក់ត្រូវបានស្លាប់ ដោយក្នុងនោះ មានពលរដ្ឋមកពីប្រទេសមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនេប៉ាល់ជាដើម ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងជម្លោះចុងក្រោយបង្អស់រវាងក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas និងអ៊ីស្រាអែលផងដែរ៕