ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងបើកយុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០% ។ នេះបើយោងតាមក្រសួងបរិស្ថាន ចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
លោក ស៊ុំ ធី អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន បានចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីហិរញ្ញប្បទានសម្រាប់សកម្មភាពអាកាសធាតុ និងបានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយបានដាក់ចេញនូវគំនិតផ្តួចផ្តើម ចំនួន៥។ នៅក្នុងគំនិតផ្តួចផ្តើមទាំង៥នោះ ក្រសួងគ្រោងនឹងបើកយុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០%។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមទាំង៥នោះ រួមមាន ចូលរួមជំរុញការអភិវឌ្ឍកម្ពុជាប្រកបដោយភាពស្អាត បៃតង ចីរភាព និងអព្យាក្រឹតកាបូន, យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ», យុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០%, ជំរុញសហគមន៍អេកូទេសចរណ៍និងលើកទឹកចិត្តឱ្យសហគមន៍ចូលរួមដាំដើមឫស្សីដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនគម្របបៃតង, និងពង្រឹងការអនុវត្តសកម្មភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ៕