ភ្នំពេញ៖ នៅពេលកុមារចាប់ផ្ដើមចម្រើនវ័យ ពួកគេអាចចំណាយពេលកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធអនឡាញ។ ប្រព័ន្ធអនឡាញមានផលប្រយោជន៍វិជ្ជមានជាច្រើន ដូចជា ការបន្តទំនាក់ទំនងជាមួយមិត្តភក្ដិ និងគ្រួសារ ការធ្វើតាមចំណាប់អារម្មណ៍របស់ខ្លួន និងការចូលរួមជាផ្នែកមួយរបស់សហគមន៍ ប៉ុន្តែវាមិនតែងតែជាបទពិសោធន៍វិជ្ជមាន និងសុវត្ថិភាពចំពោះកុមារឡើយ។ មានវិធី ៥យ៉ាង ដែលឪពុកម្ដាយ ឬអាណាព្យាបាល អាចជួយកូនៗរបស់ពួកគេក្នុងការពង្រីករឿងរាវល្អៗ ដែលប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលផ្ដល់ឱ្យ ស្របពេលដែលការពារពួកគេពីគ្រោះថ្នាក់ដែលអាចកើតមានឡើង។
វិធី៥យ៉ាង ដើម្បីជួយឱ្យបទពិសោធន៍តាមប្រព័ន្ធអនឡាញរបស់កុមារមានភាពវិជ្ជមាន និងសុវត្ថិភាព គឺអាណាព្យាបាលត្រូវកំណត់វិន័យឲ្យបានច្បាស់លាស់ ដោយធ្វើការងារជាមួយកូនរបស់ពួកគេ ដើម្បីកំណត់វិន័យថា តើត្រូវប្រើប្រាស់ឧបករណ៍អេឡិកត្រូនិកដោយរបៀបណា នៅពេលណា និងនៅកន្លែងណា។ ជាពិសេសនិយាយដោយស្មោះត្រង់ជាមួយកូនៗរបស់ពួកគេអំពីបុគ្គលដែលពួកគេទាក់ទងជាមួយ និងរបៀបដែលពួកគេទាក់ទងគ្នា និងបុគ្គលដែលអាចមើលឃើញអ្វីដែលពួកគេបង្ហោះនៅតាមអនឡាញ។
ទោះបីជាការអនឡាញ មានផលអវិជ្ជមានខ្លះក្ដី ប៉ុន្ដែអាណាព្យាលក៏អាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារកូនៗរបស់ពួកគេ ដោយការពិនិត្យមើលឧបករណ៍របស់កូនរបស់ពួកគេ ដើម្បីធ្វើឲ្យប្រាកដថាឧបករណ៍នោះបានធ្វើបច្ចុប្បន្នភាព (អាប់ដេត) និងកំពុងដំណើរការដោយសូហ្វវែរចុងក្រោយគេ ហើយការកំណត់ឯកជនភាពរបស់ពួកគេបានបើក និងត្រូវបានកំណត់លក្ខណៈដែលកាត់បន្ថយការប្រមូលទិន្នន័យ ដើម្បីកុំឱ្យជនទាំងឡាយមើលឃើញព័ត៌មានណាមួយ ដែលមិនចង់ឱ្យជនទាំងនោះមើលឃើញ។ ជួយកូនពួកគេរៀនអំពីការរក្សាឯកជនភាពចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើការកំណត់ឯកជនភាពរបស់គេមិនមានសុវត្ថិភាព ជនណាម្នាក់អាចមើលឃើញព័ត៌មានរបស់គេ។
បន្ថែមពីនេះ អាណាព្យាបាល គួរតែចំណាយពេលជាមួយកូនៗរបស់ពួកគេនៅពេលអនឡាញ ព្រោះកុមារអាចមើលឃើញការផ្សាយពាណិជ្ជកម្ម ដែលអាចផ្សព្វផ្សាយអំពីអាហារដែលគ្មានសុខភាពល្អ ការសន្និដ្ឋានជាទូទៅអំពីយេនឌ័រ ឬមាតិកាមិនសមរម្យទៅតាមអាយុ។ សូមជួយពួកគេឱ្យស្គាល់អំពីការផ្សាយពាណិជ្ជកម្មតាមអនឡាញ និងប្រើប្រាស់ឱកាសនេះ ដើម្បីស្វែងយល់រួមគ្នាថាតើមានអ្វីមិនប្រក្រតីជាមួយនឹងសារអវិជ្ជមានមួយចំនួន ដែលឃើញ។ ពិសេសត្រូវកំណត់កម្មវិធី ហ្គេម និងកម្មវិធីកំសាន្តអនឡាញផ្សេងទៀតដែលសមស្របទៅតាមអាយុ និងប្រុងប្រយ័ត្នចំពោះកម្មវិធីនានា ដែលអាចមានមាតិកាប្រកបដោយគ្រោះថ្នាក់ ឬបង្កហានិភ័យចំពោះឯកជនភាព។
អាណាព្យាបាល ក៏អាចធ្វើជាគំរូ និងបង្ហាញទម្លាប់ល្អតាមអនឡាញដល់កូនៗរបស់ពួកគេ ដោយលើកកម្ពស់អាកប្បកិរិយាវិជ្ជមានតាមអនឡាញ និង យកចិត្តទុកដាក់ចំពោះទង្វើដែលអាណាព្យាបាលធ្វើ និងអ្វីដែលចែករំលែកអំពីកូនរបស់ពួកគេតាមអនឡាញ រួមទាំងរូបថត និងវីដេអូរបស់ពួកគេ។ ប្រសិនបើពួកគេរៀនតាមអនឡាញ ឪពុកម្ដាយត្រូវយល់ច្បាស់អំពីគោលការណ៍ពាក់ព័ន្ធនឹងការរៀនសូត្រតាមប្រព័ន្ធឌីជីថលរបស់សាលារៀនពួកគេ។
ជាមួយគ្នានោះ អាណាព្យាបាល អនុញ្ញាតឱ្យពួកគេលេងសប្បាយ និងបង្ហាញអំពីខ្លួនឯង នៅតាមអនាឡាញ ព្រោះការចំណាយពេលនៅតាមអនឡាញអាចជាឱកាសដ៏អស្ចារ្យ ដើម្បីឱ្យពួកគេមានភាព ច្នៃប្រឌិត រៀនសូត្រ ប្រើប្រាស់សម្លេងរបស់ពួកគេ ដើម្បីចែករំលែកទស្សនៈ និងគាំទ្របុព្វហេតុដែលសំខាន់ចំពោះពួកគេ។ សូមចងចាំក្នុងការធ្វើឱ្យមានតុល្យភាពគ្នារវាងសកម្មភាពអនឡាញជាមួយនឹងបែបបទរស់នៅបែបសកម្ម និងការកម្សាន្តអហ្វឡាញ ដើម្បីមានតុល្យភាពប្រកបដោយសុខភាពល្អនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត៕