មនុស្សជាង ២,៤០០នាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងការរញ្ជួយដ៏សាហាវបំផុតដែលបានបំផ្លាញហេដ្ឋរចនាសម្ព័ន្ធ និងសម្លាប់មនុស្សអស់ជាច្រើននាក់។ការរញ្ជួយដីនៅថ្ងៃសៅរ៍នៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាននេះបានកើតឡើងចម្ងាយ ៣៥ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Herat ជាមួយនឹងកម្លាំងរញ្ជួយ ៦.៣ រ៉ិចទ័រ នេះជាការរញ្ជួយក្នុងចំណោមការរញ្ជួយដីដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោកក្នុងឆ្នាំនេះ បន្ទាប់ពីការរញ្ជួយនៅប្រទេសតួកគី និងស៊ីរីបានសម្លាប់មនុស្សប្រមាណ ៥០.០០០ នាក់កាលពីខែកុម្ភៈ។
លោក Janan Sayeeq អ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយអាហ្វហ្គានីស្ថានបានអះអាងថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ២,៤៤៥ នាក់ហើយ ដោយក្នុងនោះមានមនុស្ស ៩.២៤០ នាក់បានរងរបួស ហើយ ផ្ទះចំនួន ១.៣២០ ខ្នងត្រូវបានបំផ្លាញ។
ជនជាតិដាណឺម៉ាកម្នាក់បាននិយាយថា សាកសពត្រូវបាននាំយកទៅកន្លែងជាច្រើន -មូលដ្ឋានយោធា មន្ទីរពេទ្យគ្រែត្រូវបានតំឡើងនៅខាងក្រៅមន្ទីរពេទ្យធំក្នុងតំបន់ Herat ដើម្បីទទួលជនរងគ្រោះដោយពីគ្រោះរញ្ជួយដី។ លោក Suhail Shaheen ប្រធានការិយាល័យនយោបាយរបស់តាលីបង់ក្នុងប្រទេសកាតា បាននិយាយនៅក្នុងសារមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា អាហារ ទឹកផឹក ថ្នាំពេទ្យ សំលៀកបំពាក់ និងតង់ត្រូវបានត្រូវការជាបន្ទាន់សម្រាប់ការជួយសង្គ្រោះ។
អាហ្វហ្គានីស្ថានមានប្រវត្តិរញ្ជួយដីខ្លាំង នៅតំបន់ភ្នំហិណ្ឌូ Kush ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន។ ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយបរទេសបានប្រឈមមុខនឹងការកាត់ផ្តាច់ក្នុងរយៈពេលពីរឆ្នាំចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ ហើយជំនួយអន្តរជាតិជាច្រើនដែលបានបង្កើតជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចត្រូវបានបញ្ឈប់ដោយសារក្រុមតាលីបង់។អ្នកការទូត និងមន្ត្រីជំនួយនិយាយថា ក្តីបារម្ភលើការរឹតត្បិតរបស់តាលីបង់លើស្ត្រី និងវិបត្តិមនុស្សធម៌សកលកំពុងតែបញ្ហាធំក្នុងប្រទេសអាហ្វហ្គានីស្ថាន៕