ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត សម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរាភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣នេះ។ ការសម្រេចនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និង បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ។
ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និងទៅថ្ងៃមុខផង ដែលអាចធ្វើឱ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥ តោន ចុះក្រោម។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រប់។
ទន្ទឹមនឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ក្រោយផុតរយៈពេល៣ថ្ងៃ ដែលបើកឲ្យប្រើប្រាស់បណ្ដោះអាសន្ននេះ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ ក្រោយបញ្ចប់ការស្ថានទាំងស្រុង អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់តែម្ដង ក្នុងករណីអាកាសធាតុអំណោយផលល្អ នៅថ្ងៃទី២៣ ខែតុលា។
គួរបញ្ជាក់ថា ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ចំណាយពេល៣៥ខែ។ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕