Cctime 6monthsfree desktop
Cc times  web banner kh (2)

អាគារចក្ខុសាស្រ្តនិងមណ្ឌលថែទាំភ្នែកនឹងពិនិត្យនិងព្យាបាលភ្នែកជូនពលរដ្ឋឥតគិតថ្លៃរយៈពេល២ថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាគារចក្ខុសាស្រ្តនិងមណ្ឌលថែទាំភ្នែក នៅគ្រប់បណ្ដាខេត្ត ដោយសហការជាមួយអង្គការដៃគូ នឹងផ្តល់ការពិនិត្យ និងព្យាបាលភ្នែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០០មក អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែក បានរៀបចំទិវាសុខភាពភ្នែកពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ទី២ នៃខែតុលារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា ក៏តែងតែបានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំផងដែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការថែទាំសុខភាពភ្នែក ជូនដល់ប្រជាពលរដ្ឋ។

សម្រាប់ឆ្នាំ២០២៣ នេះ ប្រធានបទនៃការអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ "ស្រឡាញ់ភ្នករបស់អ្នកពេលបំពេញការងារ" ដែលនេះសំដៅលើកកម្ពស់ការយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចជា៖ ផ្តោតការយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពនានាដើម្បីការពារភ្នែក ពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងនៅកន្លែងបំពេញការងារ, ជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងដៃគូនានា ជួយផ្តល់ការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែកឱ្យបានទៅពិនិត្យភ្នែកដោយមិនមានឧបសគ្គ និងជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងដៃគូនានា ឱ្យយកចិត្តទុកដាក់លើគោលនយោបាយ ស្តីពីសុវត្ថិភាពនិងសុខភាពភ្នែកនៅកន្លែងធ្វើការ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវ និងបានណែនាំដល់ប្រជាពលរដ្ឋ ចំពោះវិធានការមួយចំនួនដែលត្រូវអនវត្តដើម្បីរក្សាសុខភាពភ្នែកឱ្យមានសុខភាពល្អផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង