681 ezgif.com resize
Moneygramott moi1280x163px

ទេសចរជនជាតិចិនម្នាក់ចែករំលែកបទពិសោធល្អៗដែលខ្លួនជួបពេលមកទស្សនាកម្ពុជាកំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្នុងអំឡុងវិស្សមកាលបុណ្យជាតិចិននេះ បុរសជនជាតិចិនម្នាក់ឈ្មោះALex បានមកទស្សនានៅប្រទេសកម្ពុជា ហើយគាត់បានបង្ហោះអត្ថបទមួយដែលចែករំលែកពីអារម្មណ៍ពិតរបស់គាត់ពេលដែលគាត់មកលេងកម្ពុជា ក្នុងបណ្តាញសង្គមចិនមួយដែលមានឈ្មោះថា“កូនសៀវភៅក្រហម” ដែលជាប្រព័ន្ឋSocial Media ដ៏ធំរបស់ប្រទេសចិន។ លោកALexគាត់បានសរសើរពីកម្ពុជាមិនដាច់ពីមាត់ លោកនិយាយថាកម្ពុជាជាប្រទេសដែលមានសុវត្ថិភាពល្អ ប្រជាជនកម្ពុជារស់រាយរាក់ទាក់ខ្លាំងណាស់ លោកថែមទាំងបញ្ចាក់ប្រាប់ប្រជាជនចិនថាកម្ពុជាមិនដូចអ្វីដែលរឿងភាពយន្ត​ “No More Bets”បានសម្ដែងនោះទេ។

បន្ទាប់ពីបានឃើញ អត្ថបទរបស់ALexហើយ ប្រជាជនកម្ពុជាមួយចំនួនដែលចេះភាសាចិន ក៏បានចូលទៅសម្តែងមតិអរគុណ លោកALex ដែលបានបង្ហាញអ្វីដែលការពិតពីកម្ពុជាទៅប្រជាជនចិន។

សូមអានខ្លឹមសារអត្ថបទទាំងស្រុងរបស់លោកALex ដែលបកប្រែមកភាសាខ្មែរដោយស៊ីស៊ីថាមស៍ដូចខាងក្រោម

ដំណើរកម្សាន្តនៅប្រទេសកម្ពុជានាទិវាបុណ្យជាតិចិន

ដោយឃើញមនុស្សយ៉ាងច្រើនកុះករ និងតម្រង់ជួរដ៏វែងៗនៅកន្លែងទេសចរណ៍សំខាន់ៗនៅទីក្រុងសៀងហៃ ទីក្រុង ឆុងឈីង(Chongqing ) និង ឆេងឌូ(Chengdu) ក្នុងប្រទេសចិននៅលើគេហទំព័រកូនសៀវភៅក្រហមចិន ខ្ញុំបានគិតថាជម្រើសដ៏ឈ្លាសវៃគឺមកប្រទេសកម្ពុជាសម្រាប់ឱកាសវិស្សមកាលវែងនៃទិវាបុណ្យជាតិចិនឆ្នាំនេះ។

ការមកកាន់ទីនេះជាលើកដំបូងត្រូវបានណែនាំដោយមិត្តភ័ក្តិ ។ ដំបូងខ្ញុំមានការព្រួយបារម្ភបន្តិចអំពីថាតើវាមានសុវត្ថិភាពឬអត់ ដូចជានៅក្នុងរឿង " No More Bets " ដែលពិពណ៌នាថាកម្ពុជាជាកន្លែងគេចាប់ជំរិត និងប្រព្រឹត្តិបទល្មើសបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍។ យ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការស្រាវជ្រាវជាច្រើន ខ្ញុំបានរកឃើញថា ប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាគឺមិនដូចគ្នានោះទេ។ បន្ទាប់ពីមកដល់កម្ពុជា ខ្ញុំបានដឹងថា កង្វល់របស់ខ្ញុំពីមុន គឺអត់ប្រយោជន៌និងមិនចាំបាច់។ កត្តាចម្បងនៃការជ្រើសរើសមកទីនេះ ព្រោះមានតម្លៃថោក ដោយសំបុត្រយន្តហោះទៅមកមានតម្លៃ ២៥០០យន់ ដោយយើងជិះយន្តហោះពីសៀងហៃទៅក្រុងសិនជិន រួចប្តូរជើរយន្តហោះមករាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ខ្ញុំសូមប្រាប់ពីអារម្មណ៍ពិតរបស់ខ្លួនខ្ញុំផ្ទាល់។

១. អាកប្បកិរិយាសេវាកម្មគឺពិតជាល្អណាស់ ពួកគាត់នៅទីនេះ(ប្រជាជនកម្ពុជា)ចាត់ទុកភ្ញៀវទេសចរជាស្តេច សណ្ឋាគារ តុកតុក ភោជនីយដ្ឋាន និងហាងតាមដងផ្លូវសុទ្ធតែមានសុជីវធម៌ និងគួរសម ចំពោះភ្ញៀវទេសចរ។នៅពេលជួបគ្នា ពួកគាត់តែងតែឱនក្បាលគោរព និងងក់ក្បាលដាក់យើងដោយស្នាមញញឹម។ ខ្ញុំគិតថាអាកប្បកិរិយាសេវាកម្មបែបនេះ គឺមានតែនៅក្នុងប្រទេសចិនសណ្ឋាគារលំដាប់ផ្កាយប្រាំប៉ុណ្ណោះ ដែលយើងអាចទទួលបាននូវពិសោធន៍នេះ ។ ផ្ទុយទៅវិញ បើនៅប្រទេសចិន ពេលមានភ្ញៀវទេសចរក្នុងស្រុក(ប្រទេសចិន)ច្រើនបែបនេះ បុគ្គលិកសេវាកម្មគ្មានភាពអត់ធ្មត់ក្នុងការបម្រើអតិថិជនឲ្យបានត្រឹមត្រូវទេ ខ្ញុំគិតថា អ្នកដែលបានដើរលេងក្នុងអំឡុងពេលវិស្សមកាល ទើបយល់ពីអារម្មណ៌មួយនេះ!

២. ប្រទេសកម្ពុជាស្រដៀងទៅនឹងប្រទេសចិនកាលពី ១៥ឆ្នាំឬ២០ឆ្នាំមុន ទេសភាពទីក្រុងទាំងមូលមានរូបរាងចាស់បន្តិច នៅទីផ្សារមានលក់ឥវ៉ាន់ចម្លងម៉ាកល្បីៗគ្រប់ប្រភេទ ដូចជាសំលៀកបំពាក់ និងគ្រឿងអលង្ការមាស និងប្រាក់គ្រប់ប្រភេទ ដែលធ្វើអោយខ្ញុំមានអាម្មរណ៍ដូចកាលពីខ្ញុំទៅផ្សារពីក្មេង ប៉ុន្តែក្រោយមកខ្ញុំបានឃើញថា ពេលខ្លះបើប្រៀបធៀបតម្លៃជាមួយទំនិញនៅក្នុងហាងTaobao ក្នុងស្រុករបស់យើងគឺថ្លៃជាង!

៣. និយាយពីកន្លែងទេសចរណ៍ យើងបានទៅរាជធានីភ្នំពេញ ដោយបានទស្សនាព្រះបរមរាជវាំង សារមន្ទីរសិល្បៈ ផ្សារធំថ្មីសម្រាប់ទិញទំនិញ និងទៅបារផឹកស្រានៅពេលយប់ ហើយនៅសៀមរាប យើងទៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្មដែលជាកន្លែងថតខ្សែភាពយន្តរឿង Tomb Raider វាពិតជាអស្ចារ្យណាស់ ដែលជាទីក្រុងបុរាណគ្របដណ្តប់ដោយព្រៃឈើ ស្ថាបត្យកម្មមានលក្ខណៈប្លែកអស្ចារ្យ ហើយលោកអ្នកអាចមានអារម្មណ៍ប្លែកនៃវប្បធម៌ ដើមឈើធំៗ និងមានឫសជាប់នឹងប្រាសាទបុរាណ។ ទីនេះមានទេសភាពខុសពីប្រទេសចិនណាស់ ហើយអ្វីដែលសំខាន់បំផុតគឺមានមនុស្សតិចណាស់ ដោយលោកអ្នកទៅណាមិនបាច់តម្រង់ជួរ នេះពិតជាចំណុចសំខាន់ណាស់ បើនៅប្រទេសចិនវិញ ដោយសារមនុស្សច្រើន យើងត្រូវតម្រង់ជួរដ៏វែងសម្រាប់ថតរូប វាពិតជាដូចជាចាយលុយទៅរកទុក្ខមែន។

៤. ខ្ញុំជឿថាមានមនុស្សជាច្រើនមានការព្រួយបារម្ភដូចគ្នាទៅនឹងខ្ញុំអំពីប្រទេសកម្ពុជា ដូច្នេះហើយឃើញមានភ្ញៀវជនជាតិចិនតិចតួចណាស់នៅទីនេះ ប៉ុន្តែសម្រាប់រូបខ្ញុំផ្ទាល់គឺមានអារម្មណ៍ថាដូចមិនអីនោះទេ ធ្វើដំណើរទេសចរណ៍កម្សាន្តនៅកម្ពុជា គឺមិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ។ មានជនជាតិអឺរ៉ុប និងជនជាតិកូរ៉េជាច្រើន ហើយមនុស្សភាគច្រើននៅទីនេះអាចនិយាយភាសាអង់គ្លេសបាន ហើយមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួននៅតាមតំបន់ទេសចរណ៍ក៏អាចនិយាយភាសាចិន កូរ៉េជាដើម។ ប្រសិនបើលោកអ្នកមិនចង់ទៅកន្លែងដែលមានមនុស្សច្រើនក្នុងអំឡុងពេលវិស្សមកាលវែង ហើយមិនចង់ស្នាក់នៅផ្ទះអំឡុងពេលវិស្សមកាលមួយសប្តាហ៍ លោកអ្នកអាចគិតពីការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកម្ពុជាបាន។ជាការពិតណាស់ យើងគួរតែស្រាវជ្រាវមុនពេលធ្វើដំណើរ ហើយការការពារទ្រព្យសម្បតិ្តរបស់ខ្លួន គឺចំណេះដឹងមូលដ្ឋានដែលខ្លួនត្រូវដឹង។



Khcct banner

អត្ថបទទាក់ទង