ភ្នំពេញ៖ លោក ហែម ច័ន្ទ សុភ័ក្រ ជាស្ថាបនិកនៃ ផ្ទះចាស់ មានឆន្ទៈក្នុងការកែច្នៃសំណង់ដែលមានស្រាប់ពីបុរាណទៅជាទីតាំងប្រជុំជនដើម្បីទាក់ទាញភ្ញៀវចូលទស្សនា និងគាំទ្រអាជីវកម្មក្នុងស្រុកដែលគិតពីសង្គម។
លោក ហែម ច័ន្ទសុភ័ក្រ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកមានប្រវត្តិការសិក្សាដូចជា លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញក្សេត្រសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយសារតែលោកមានការស្រលាញ់ពាក់ព័ន្ធនឹងរុក្ខជាតិ និងកសិកម្មតាំងពីកុមារភាពមកម្ល៉េះ។ បន្ថែមពីនេះ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបង្រៀនភាសាអង់គ្លេសជាភាសាបរទេសពីវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ។ ក្រោយមកបានរៀនថ្នាក់អនុបណ្ឌិតផ្នែកសិក្សាភិវឌ្ឍនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០១៦ និងបានទទួលជ័យលាភីផ្លាស់ផ្ដូរការសិក្សានៅសាលាក្រោយឧត្តមអភិវឌ្ឍអន្តរជាតិនៃសាកលវិទ្យាល័យណាហ្គោយ៉ា នាទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន ក្នុងឆ្នា២០១៨។
បន្ទាប់ពីបានបញ្ចប់ការសិក្សាជំនាញទាំងនេះ និងបានប្រឡូកទាំងក្នុងស្រុក និងក្រៅស្រុក លោកបានប្រកបការងារនៅក្នុងវិស័យពាក់ព័ន្ធនឹងរុក្ខជាតិជាច្រើន តួយ៉ាងលោកមានអាជីវកម្មដែលផ្តល់សេវាកម្មរៀបចំតុបតែងរចនាសួនច្បារ មិនថាបែបផ្ទាល់ខ្លួន ឬបែបរីសត ភោជនីយដ្ឋានផ្សេងៗនោះឡើយ។ បន្ថែមពីអាជីពខាងផ្តល់ជាសេវាកម្មខាងលើ លោកក៏មានបើកហាងរុក្ខជាតិនៅជាន់ផ្ទាល់ដីនៅផ្ទះចាស់ផងដែរ។ ដោយសារតែ មិនត្រឹមតែមានការស្រលាញ់រុក្ខជាតិនោះទេ លោកសុភ័ក្រ ជាបុគ្គលម្នាក់ដែលចូលចិត្តការងារពាក់ព័ន្ធនឹងសិល្បៈរួមទាំងវប្បធម៌ផងដែរ អាស្រ័យហេតុនេះហើយលោកពិតជាមានចិត្តស្រលាញ់អគារដែលជាសំណង់ពីបុរាណណាស់ និងមានបំណងធ្វើអាជីវកម្មជាមួយនឹងអគារបែបនេះ ដើម្បីអោយសាធារណជនអាចបានដឹងពីសំណង់បែបនេះកាន់តែបានច្រើនដែលជាកត្តាជម្រុញឱ្យលោកបើកជា Creative Space ដែលមានឈ្មោះថា ផ្ទះចាស់ សម្រាប់ដាក់ដំណើរការអាជីវកម្ម១១ផ្សេងគ្នាដែលមានគោលដៅតែមួយគឺឆ្លុះបញ្ចាំងពីការចូលរួមចំណែកជាមួយនឹងសង្គមរួមទាំងលើកស្ទួយវប្បធម៌ដ៏ត្រចះត្រចង់នៃប្រទេសកម្ពុជា។
ការរៀបចំទីតាំងនៅផ្ទះចាស់គឺពោរពេញទៅដោយរុក្ខជាតិចម្រុះគ្នាដែលលេចចេញនូវសោភ័ណភាពបែបធម្មជាតិ ដោយសារតែស្ថាបនិកនៃផ្ទះចាស់ជាអ្នកដែលមានការស្រលាញ់រុក្ខជាតិអមជាមួយនឹងភាពបុរាណ។ ចំណែកឯអតិថិជនរបស់ «ផ្ទះចាស់» ក៏មានភាពចម្រុះផងដែរមានទាំងបរទេស ខ្មែរ និងគ្រប់វ័យ តែវ័យដែលសម្បូរច្រើនជាងគេគឺវ័យយុវជន។
គួរបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្មទាំង១១ផ្សេងគ្នានេះមានដូចជា ហាងរុក្ខជាតិ ហាងលក់គ្រឿងប្រើប្រាស់ដែលធ្វើដោយសហគមន៍ស្រ្តី និងមិនមានការប៉ះពាល់ដល់បរិស្ថាន។ បន្ថែមពីនេះទៅទៀតក៏មានបែបជាហាងកាហ្វេនៅជាន់ទី១ បូកផ្សំជាមួយនឹងហាងលក់សៀវភៅ ទីតាំងស្ទូឌីយោគំនូរឌីជីថល ជាពិសេសមានវិចិត្រសាលសម្រាប់ដាក់បង្ហាញស្នាដៃសិល្បៈរបស់សិល្បករផ្សេងៗ រួមទាំងមានកន្លែងសម្រាប់ស្ថាប័នយុវជន និងអង្គការសម្រាប់ធ្វើការផងដែរ៕