ឥណ្ឌា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌាបានអះអាងនាថ្ងៃសុក្រទី ៦ តុលា នេះថា មានយ៉ាងហើចណាស់មនុស្ស ៤០នាក់បានស្លាប់ បន្ទាប់ពីបឹងទឹកកកមួយបានបាក់ច្រាំង និងបង្កជាទឹកជំនន់ភ្លាមៗនៅសប្តាហ៍នេះ នៅតំបន់ភ្នំហិម៉ាឡៃឥណ្ឌាស្របពេលដែលក្រុមអ្នកជួយសង្គ្រោះបានកំពុងបើប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់អស់រយៈពេលពីរថ្ងៃ។ បឹង Lhonak ក្នុងរដ្ឋ Sikkim ភាគឦសាននៃភ្នំហិម៉ាឡៃឥណ្ឌាបានហក់ឡើងខ្ពស់កាលពីថ្ងៃពុធបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងការធ្លាក់ព្រិលដែលបណ្តាលឱ្យមានទឹកជំនន់ដ៏ធំនៅក្នុងទន្លេ Teesta ។
អ្នកវិទ្យាសាស្ត្រ និងអាជ្ញាធររដ្ឋាភិបាលកំពុងធ្វើការលើប្រព័ន្ធព្រមានជាមុនសម្រាប់ទឹកជំនន់ទឹកកកនៅបឹង Lhonak ដែលអាចផ្តល់ឱ្យមនុស្សមានពេលវេលាបន្ថែមទៀតដើម្បីជម្លៀសប្រសិនបើមានអាសន្នកើតឡើង។ ក្រុមសង្គ្រោះបន្ទាន់បានស្រង់សាកសព ២២ នាក់ផ្សេងទៀតដែលត្រូវបានទឹកនាំទៅ ដោយក្នុងនោះមានមនុស្ស ៧៥ នាក់ នៅតែបាត់ខ្លួន។
លោក Tseten Bhutia មន្ត្រីរដ្ឋបានប្រាប់រ៉យទ័រតាមទូរស័ព្ទថា "កម្រិតទឹកបានស្រកនៅតំបន់ខ្លះ ប៉ុន្តែភាគខាងជើងតំបន់ Sikkim ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ក្រុមសង្គ្រោះមិនអាចទៅដល់តំបន់រងគ្រោះនៅទីនោះទេ" ។ លោកបានបន្ថែមថា បណ្តាញទូរស័ព្ទចល័ត និងទូរស័ព្ទលើតុមិនដំណើរការនៅក្នុងតំបន់នោះទេ។ មនុស្សប្រហែល ២,៤០០នាក់ ត្រូវបានជម្លៀសរហូតមកដល់ពេលនេះ ហើយមនុស្ស ៧,៦០០ នាក់នៅក្នុងជំរុំសង្គ្រោះ។ ស្ថាប័នរដ្ឋ និងឯកជនត្រូវបានបិទនៅតំបន់នេះរហូតដល់ថ្ងៃទី ១៥ ខែតុលា។
នេះជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយនៅក្នុងតំបន់ក្នុងរយៈពេលជាង ៥០ ឆ្នាំ និងចុងក្រោយបំផុតនៅក្នុងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរជាបន្តបន្ទាប់ដែលបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅតំបន់ភ្នំហិម៉ាឡៃនៃអាស៊ីខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។អាជ្ញាធរនៅក្នុងទីក្រុង Sikkim បាននិយាយថា គ្រោះមហន្តរាយចុងក្រោយបង្អស់ដែលបានកើតឡើងមុនរដូវកាលពិធីបុណ្យ និងទេសចរណ៍ដ៏ពេញនិយមនៅក្នុងរដ្ឋដ៏ស្រស់ស្អាតនោះ បានប៉ះពាល់ដល់អាយុជីវិតមនុស្ស ២២,០០០ នាក់៕