ភ្នំពេញ៖ ជនជាតិជប៉ុនប្រមាណ២៥នាក់ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ឃាត់ខ្លួន ហើយត្រៀមរៀបចំនីតិវិធីបណ្តេញចេញពីទឹកដីកម្ពុជា ដោយសារជាប់ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា និង ការចាប់បង្ខាំងមនុស្ស។ការចាប់ខ្លួននេះធ្វើឡើងតាមសំណើរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។នេះបើយោងតាមលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់សារព័ត៌មាន សុីសុីថាមស៍នៅថ្ងៃនេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យអាគារមួយនៅក្នុងខណ្ឌជ្រោយចង្វារ ក្នុងនោះបានឃាត់ខ្លួនជនជាតិជប៉ុនចំនួន២៥នាក់ ខណៈ៣នាក់ទៀតបានរត់គេចខ្លួន ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតាមចាប់ជនជាតិជប៉ុនទាំង៣នាក់ទៀតតាមជំនាញ និងនីតិវិធី។
បើតាមលោក ទូច សុឃៈ យោងតាមពាក្យបណ្ដឹងរបស់ជនជាតិជប៉ុនម្នាក់ទៀត បានប្ដឹងពីបទបង្ខាំង និង ប្រើប្រាស់អំពើហិង្សាមកលើរូបគាត់ ហើយជាគោលការណ៍របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបញ្ជូនជនសង្ស័យទាំង២៥នាក់ទៅរក្សាទុកបណ្តោះអាសន្ននៅមណ្ឌលត្រៀមបណ្ដេញចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។លោករដ្ឋមន្រ្តីក៏សម្រេចឱ្យធ្វើកិច្ចការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីត្រួតពិនិត្យវត្ថុតាង និង សម្របសម្រួលនៅក្នុងការបណ្ដេញជនសង្ស័យទាំងនេះត្រឡប់ទៅប្រទេសជប៉ុនវិញ។
បន្ថែមលើពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដាក់បញ្ជូលជនសង្ស័យទាំង២៨រូបទៅក្នុងបញ្ជីខ្មៅ និង ហាមឃាត់មិនឱ្យចូលក្នុងប្រទេសកម្ពុជាសារជាថ្មីនោះទេ ហើយលោករដ្ឋមន្រ្តីក៏បានឯកភាពចំពោះសំណើនេះ។សម្រាប់លោក ទូច សុឃៈ នេះគឺជាវិធានការគ្រប់គ្រងសន្តិសុខយ៉ាងរហ័ស ហើយប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល ដោយមិនគិតអំពីជនសង្ស័យ ឬជនប្រព្រឹត្តបទល្មើសជាជនជាតិបរទេស ឬជនជាតិខ្មែរនោះទេឱ្យតែប្រព្រឹត្តបទល្មើស ដើម្បីធានាបានថាប្រទេសកម្ពុជារក្សាបាននូវសន្តិសុខ ស្ថិរភាព និង ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវជាតិ និងអន្តរជាតិនៅកម្ពុជា៕