ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ។ នេះបើតាមព្រះបន្ទូល ព្រះមហាក្សត្រ នរោត្តម សីហមុនី ថ្លែងនៅក្នុងទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នាថ្ងៃទី៦ តុលា។
ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំរបស់សម្តេច សាយ ឈុំ សម្តេច ហេង សំរិន និង សម្តេច ហ៊ុន។
ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះបន្ទូលថា សម្ដេច ហ៊ុន សែន បានធ្វើការផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឡើងមក។ ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយ គណៈប្រតិភូជាន់ខ្ពស់ ដែលមានការដឹកនាំដោយ សម្តេច ហ៊ុន សែន មានឥស្សរជនមួយចំនួន ជាក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ អំពីព្រះបរមរតនកោដ្ឋ។
ពេលបានទទួលការប្រោសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតដែលឆ្លងរួចហើយ នោះក៏បានយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរពនិងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែលយើងទាំងអស់គ្នា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំជាទិវាប្រកាសរដ្ឋធម្មនុញ្ញ ។ ហើយសភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មក ។
ព្រះមហាក្សត្រ នរោត្តម សីហមុនី ជឿងជាក់ថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័ន ជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បី ធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើង ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្ដរ៍តទៅ៕