Cctime 6monthsfree desktop
Cc times  web banner kh

អាជ្ញាធររំលឹកឱ្យម្ចាស់កាស៊ីណូនៅកម្ពុជាអនុវត្តលក្ខខណ្ឌក្នុងការចូលលេងល្បែង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ចេញសេចក្ដីប្រកាសណែនាំដល់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូនៅទូទាំងប្រទេសកម្ពុជា ឱ្យអនុវត្តលក្ខខណ្ឌមួយចំនួន ដើម្បីធានាថាបុគ្គលដែលត្រូវបាន​ហាមឃាត់មិនឱ្យលេងល្បែងស៊ីសង មិនចូលលេងល្បែងក្នុងកាស៊ីណូ។

យោងតាមសេចក្តីប្រកាសព័ត៌មាន “ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលមួយចំនួនដូចជា៖ បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធនដោយតុលាការ។ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន, បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ, បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិ ដោយការបោះឆ្នោត។

ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវបានហាមឃាត់ចំពោះកម្មករនិយោជិត​របស់ប្រតិបត្តិករកាស៊ីណូឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគកំពុងបម្រើការនៅទីនោះ។

ដើម្បីប្រសិទ្ធភាពការងារនេះ អាជ្ញាធររំលឹកឱ្យម្ចាស់កាសុីណូត្រូវគោរពខណ្ឌចែកកន្លែងលេងល្បែងឱ្យច្បាស់លាស់ និង ដាក់ស្លាកសញ្ញាសម្គាល់សមស្របដើម្បីបង្ហាញទីតាំងលេងល្បែង, ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែង នៅច្រកទ្វារចូលបរិវេណកាស៊ីណូ, ត្រូវមានកម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យការចូលលេងល្បែងរបស់ភ្ញៀវល្បែងឱ្យមានប្រសិទ្ធភាព, ត្រូវហាមឃាត់បុគ្គលដែលត្រូវបានរឹតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូរបស់ខ្លួន និងបណ្តេញបុគ្គលទាំងនោះចេញពីទីតាំងលេងល្បែង និងត្រូវរក្សាទុករបាយការណ៍បច្ចុប្បន្នកម្ម អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួន។

ក្នុងករណី ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូមិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង