ភ្នំពេញ៖ យុវជនមួយចំនួនបានសម្តែងនូវការពេញចិត្ត និងគាំទ្រនូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់ទៅលើវិស័យអប់រំគ្រប់កម្រិត ដោយបានដាក់ចេញនូវគោលនយោបាយបញ្ចកោណសំខាន់ៗចំនួន ៥ចំណុច ដោយក្នុងនោះបានដាក់ចេញនូវគោលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដល់ យុវជន ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ដើម្បីបង្កើនគុណភាពអប់រំ ភាពងាយស្រួល និងប្រសិទ្ធភាព។
យុវតី ឌឿន ម៉ាណាវ ជាសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យ ព្រះនរោត្ដមសីហមុនី បាននិយាយថា គាត់ពិតជាពេញចិត្តដែលបានដែលសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យនៅតាមទីជនបទ ដែលគ្មានលទ្ធភាពរៀនបន្តនៅសាកលវិទ្យាល័យ ដោយសម្ដេចសម្រេចផ្ដល់អាហាររូបករណ៍បែបនេះ បានធ្វើឲ្យគាត់មានទឹកចិត្តក្នុងការខិតខំប្រឹងប្រែងសិក្សាបន្តនៅវិទ្យាល័យ ដើម្បីឲ្យខ្លួនគាត់ក្លាយជាយុវជនដែនមានការរីកចម្រើនផ្នែកវិស័យអប់រំ។
យុវតីរូបនេះចង់ឲ្យសម្ដេច ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីជំនាន់ថ្មី យកចិត្តទុកដាក់ទៅលើវិស័យអប់រំ ជាពិសេសអ្នកនៅតាមទីជនបទដែលជួបការខ្វះខាត់ នឹងមិនមានលទ្ធិភាពបន្តការសិក្សានៅសាកលវិទ្យាល័យ។ ម៉្យាងទៀតគាត់ចង់ឲ្យសម្ដេចជួយពង្រឹងនូវសាលារដ្ឋទាំងអស់បង្កើនការយកចិត្តទុកចំពោះសិស្សានុសិស្សផងដែរ។
ចំពោះយុវតី ផាន សុនាង ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ព្រះនរោត្ដមសីហមុនី បាននិយាយដែរថា ការផ្ដល់អាហាររូបករណ៍ដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងងាយរងហារនីភ័យបែបនេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះពួកគាត់ ព្រោះថាគាត់សព្វថ្ងៃមានការខ្វះខាត់ដែលពិបាកក្នុងការសម្រេចចិត្តទៅបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រជាខ្លាំងព្រោះដោយសារមានការចំណាយ។ នៅពេលសម្ដេច ហ៊ុន ម៉ាណែត យកចិត្តទុកដាក់បែបនេះ គាត់ពិតជាសប្បាយចិត្តខ្លាំង ដែលសម្ដេចបានផ្ដល់អាហាររូបរណ៍ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងនូវហារនីភ័យបានបន្តការសិក្សាបែបនេះ។
យុវតីរូបនេះបន្ត គាត់ស្នើដល់សម្ដេច ជួយបង្កើនការផ្ដល់អាហាររូបករណ៍ដល់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល និងគ្រួសារក្រីក្រឲ្យបានច្រើនបន្ថែម ព្រោះតំបន់ដាច់ស្រយាលសព្វថ្ងៃនេះមានផលវិបាកខ្លាំងក្នុងការសម្រេចចិត្តទៅបន្តការសិក្សា។ ហើយយុវតី សុខ នាង ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់កុំបោះបង់ការសិក្សា គឺត្រូវខិតខំប្រឹងប្រែងសិក្សាឲ្យកាន់តែខ្លាំង មានតែការសិក្សាទេទើបជួយឲ្យយើងទទួលបានភាពជោគជ័យនៅក្នុងសង្គម និងប្រទេសជាតិ។
ចំណែកយុវជន គុំ វាសនា ជាសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យ ព្រះនរោត្ដមសីហមុនីនីដដែល បាននិយាយថា ប្រសិនបើសម្ដេច ហ៊ុន ម៉ាណែត ផ្ដល់អាហាររូបករណ៍បែបនេះគាត់ពិតជាមានកម្លាំងចិត្តក្នុងការទៅបន្តការសិក្សាកាន់តែខ្លាំង ព្រោះការផ្ដល់នេះបានជួយសម្រួលដល់ការចំណាយទៅលើថ្លៃបង់សាលារៀរបស់ពួកគាត់បានច្រើន។ ម្យ៉ាងទៀត ក៏បានជំរុញការលើកទឹកចិត្តឲ្យពួកគាត់មានទឹកចិត្តខិតខំប្រឹងប្រែងតស៊ូរៀនសូត្របន្ថែមទៀត ដើម្បីសម្រេចនូវគោលដៅរបស់គាត់ដែលចង់បន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ។
យុវជនរូបនេះ បានស្នើដល់រាជរដ្ឋាភិបាលជួយជំរុញវិស័យអប់រំឲ្យបានខ្ពស់ ព្រោះថាប្រពលរដ្ឋនៅទីជនបទបច្ចុប្បន្ន បញ្ហាជីវភាពនៅមានកម្រិតនៅឡើង ដោយពិបាកក្នុងការបញ្ជូនកូនទៅទៅសិក្សានៅសាកល។ ដូច្នេះ គាត់ចង់ឲ្យសម្ដេច ហ៊ុន ម៉ាណែត ពង្រឹងទៅលើវិស័យអប់រំនេះ តាមរយៈការផ្ដល់អាហាររូបករណ៍ដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងងាយនូវហានីភ័យ ជាពិសេសទៀតនោះត្រូវជួយបង្កើនការផ្ដល់ទីផ្សារការងារឲ្យបានច្រើនដល់ពួកគាត់ដែលបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យឲ្យបានច្រើន ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ និងកន្លែងស្នាក់នៅរបស់ពួកគាត់ផងដែរ៕