អាម៉េរិក៖ សារព័ត៌មានធំរបស់អាម៉េរិក New York Post កាលពីថ្ងៃទី២៦កញ្ញា បានចុះផ្សាយសរសើរពីប្រាសាទអង្គរវត្តរបស់កម្ពុជា ដោយបានចាប់ចំណងជើងថា«ឥឡូវនេះ គឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីមានវិស្សមកាលនៅក្នុងប្រទេសកម្ពុជា»។ ក្នុងអត្ថបទនោះបានសរសេរថា ប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរជាច្រើនឲ្យមករងចាំមើលព្រះអាទិត្យរះនៅចំកំពូលប្រាសាទអង្គរវត្ត ដែលជាវិមានសាសនាធំជាងគេ។
នៅក្នុងខ្លឹមសារអត្ថបទនោះបានរៀបរាប់ថា ប្រាសាទអង្គរវត្តក្នុងក្រុងសៀមរាប និងប្រាសាទធំៗរាប់រយដែលស្ទើរតែមិនអាចពន្យល់បានដែលនៅជុំវិញនោះ ផ្តល់អំណោយដល់ប្រជាជាតិកម្ពុជា ក្នុងការទទួលបានប្រាក់ចំណូលពីទេសចរណ៍ជារៀងរាល់ឆ្នាំ។ កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន ៣.៤ លាននាក់ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើង ១៨០% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់មន្រ្តីអាកាសចរណ៍កម្ពុជា។ នៅឆ្នាំ ២០២៦ កម្ពុជារំពឹងថានឹងមានភ្ញៀវទេសចរចំនួន ៧ លាននាក់ក្នុងមួយឆ្នាំៗ។
បន្ថែមនេះ ប្រទេសកម្ពុជាក៏សម្បូរទៅដោយវត្ថុបុរាណមានតម្លៃជាច្រើនអាចឲ្យភ្ញៀវទេចរណ៍ចូលទស្សនា និងអាចសិក្សារៀនសូត្រពីស្នាដៃនៃអរិយធម៌ជឿនលឿនបំផុតរបស់អាស៊ីអាគ្នេយ៍ផងដែរ។ ពិសេសជាងនេះ ប្រទេសកម្ពុជា បានផ្តល់នូវកន្លែងស្នាក់នៅ ម្ហូបអាហារ មគ្គុទ្ទេស និងសេវាទេសចរណ៍ផ្សេងទៀត ដោយមានតម្លៃសមរម្យបំផុត៕