ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ៥ តុលានេះ បានស្នើសុំដល់ក្រសួងអប់រំពិនិត្យឡើងវិញលើការជ្រើសរើសនាយកសាលារៀន ដើម្បីកែទម្រង់បន្ថែមនៃប្រព័ន្ធអប់រំ។សម្រាប់សម្តេចការជ្រើសរើសនាយកសាលាមិនអាចប្រើ «មនោសញ្ចេតនា»នោះទេ ព្រោះវានាំឱ្យខូចអនាគតរបស់ប្រជាពលរដ្ឋទាំងមូល។
ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា គឺសម្តេច ហ៊ុន ម៉ាណែត បានស្នើដល់រដ្ឋមន្ត្រីក្រសួងអប់រំ និង អាជ្ញាធរពាក់ព័ន្ធពិនិត្យឡើងវិញលើការជ្រើសរើសនាយកសាលារៀននៅតាមមូលដ្ឋាន ដើម្បីពង្រឹងគុណភាពអប់រំតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមសម្តេច ហ៊ុន ម៉ាណែត បើមាននាយកសាលាល្អ សាលារដ្ឋនឹងក្លាយជាសាលាដែលអាចទទួលយកបាន ដោយមិនចាំបាច់តម្រូវឱ្យឪពុកម្តាយ អាណាព្យាបាល ផ្លាស់ប្តូរលំនៅដ្ឋានទៅរកសាលាល្អសម្រាប់កូនចៅរៀនសូត្រនោះឡើយ។សម្រាប់សម្តេច នេះគោលនយោបាយរបស់រដ្ឋាភិបាល ដោយមិនចាំបាច់រង់ចាំដល់ការបង្កើតសាលាជំនាន់ថ្មីក្នុងក្របខណ្ឌទូទាំងប្រទេសនោះឡើយ តែរាជរដ្ឋាភិបាលថ្មីនេះនឹងពង្រឹងនូវអ្វីដែលមានពីអាណត្តិចាស់ ដើម្បីកែទម្រង់តាមវិស័យ។