![](https://cdn.cc-times.com/kh.cc-times.com/media/38521/large/photo_2023-10-04_10-36-52.jpg?1696405132)
សៀមរាប៖ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី៤ តុលា កំពុងហក់ឡើងខ្លាំង។ អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងក្នុងការគ្រប់គ្រង និងបញ្ជៀសទឹកដែលកំពុងហូរពីផ្នែកខាងលើ មកដល់តំបន់រមណីយដ្ឋានអង្គរ។ ពេលនេះអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកបានទាំងស្រុង និងមិនបង្កឱ្យមានហានិភ័យឡើយ។
ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរកំពុងហក់ឡើងខ្លាំង។ ដើម្បីបង្ការបញ្ហាជន់លិចតំបន់ប្រាសាទ តាមការណែនាំរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យមន្រ្តីបើកទ្វារទឹក និងត្រៀមបញ្ជៀសឱ្យបានទាន់ពេលវេលា។ យ៉ាងណាមិញ អាជ្ញាធរជាតិអប្សរាអាចគ្រប់គ្រងស្ថានការណ៍នេះបាន ដោយមិនបារម្ភពីការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាបឡើយ ដ្បិតសមត្ថភាពទ្វារទឹកដែលបានសាងសង់ថ្មី និងស្ដារប្រព័ន្ធទឹកបុរាណមួយចំនួនធំឡើងវិញ បម្រើដល់ការងារគ្រប់គ្រងទឹកនេះ។
ទឹកទាំងនោះបានបញ្ជៀសទៅតាមទ្វារទឹកសំខាន់ៗដូចជា អូរខ្លូត អូររកាជាដើម ទម្លាក់ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងមួយចំនួនទៀតបញ្ចូលទៅតាមកសិន្ធុ និងបារាយណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ប្រសិនគ្មានភ្លៀងធ្លាក់២ទៅ៣ថ្ងៃខាងមុខ ស្ថានភាពទឹកភ្លៀងនៅតំបន់រមណីយដ្ឋានអង្គរ នឹងធូរស្រាលទៅវិញ ទឹកនឹងស្រកវិញឆាប់ៗ។ អាជ្ញាធរជាតិអប្សរា ក៏សូមឱ្យពលរដ្ឋយោគយល់កំឡុងពេលបើកទ្វារទឹកនេះ ដែលអាចឱ្យផ្ទះពលរដ្ឋនៅក្បែរអូរជន់លិចដោយសារបរិមាណទឹកហូរទៅខ្លាំង និងច្រើន តែថាក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕
![](https://cdn.cc-times.com/kh.cc-times.com/media/38522/large/photo_2023-10-04_10-37-37.jpg?1696405146)
![](https://cdn.cc-times.com/kh.cc-times.com/media/38523/large/photo_2023-10-04_10-38-07.jpg?1696405148)