
មណ្ឌលគិរី៖ អង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំខេត្តមណ្ឌលគិរី កាលពីខែសីហាកន្លងទៅ បានប្រទះឃើញសំបុកសត្វត្រដក់តូចចំនួន ៤០សំបុក នៅតំបន់ការពារសំបុកសត្វស្លាប នៅក្នុងតំបន់ភាគខាងជើងនៃដែនជម្រកសត្វព្រៃកែវសីមា។
ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរី សហការជាមួយប្រជាសហគមន៍ បានស្រាវជ្រាវនិងរកឃើញសំបុកសត្វត្រដក់តូចចំនួន ៤០សំបុក ដែលទើបបានពងកូនសារជាថ្មីនៅឆ្នាំ២០២៣នេះ បន្ទាប់ពីពួកវាបានញាស់កូនចំនួន៥២ក្បាលក្នុងចំណោម២៧សំបុកនៅតំបន់នេះកាលពីឆ្នាំ ២០២២កន្លងទៅនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ការកើនឡើងនៃចំនួនសំបុកនេះបានឆ្លុះបង្ហាញអោយឃើញពីសម្មតិផលនៃការខិតខំប្រឹងប្រែងលើកិច្ចការពារអភិរក្សសំបុកសត្វស្លាបក្នុងដែនជម្រកសត្វព្រៃកែវសីមា តាមរយៈកម្មវិធីការពារសំបុកសត្វស្លាបដោយប្រជាសហគមន៍មូលដ្ឋាន ដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ ក្រោមការគាំទ្រពី គម្រោងរេដបូកកែវសីមា និង USAID មរតកបៃតង។
សូមបញ្ជាក់ថាសត្វត្រដក់តូចត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងកំពុងរងការគំរាមកំហែងតាមរយៈសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការបាត់បង់ទីជម្រកតាមរយៈការរានដីព្រៃធ្វើកសិកម្ម ការបរបាញ់ខុសច្បាប់ និងការបំពុល៕



