681 ezgif.com resize
Moneygramott moi1280x163px

«កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» អនុញ្ញាតសិស្សគ្មានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បានបង្កើត «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» ដែលកម្មវិធីនេះ នឹងអនុញ្ញាតឲ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការ និងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០២ ខែតុលា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ដំណើរការជាផ្លូវការនៃ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» និងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថលរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។

រូបភាព៖ រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

លោក ជា វ៉ាន់ដេត បានបន្តថា ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការ អភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហាន ឲ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូលើថវិកាសិក្សា គឺជាវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ឌីជីថល និងផែនការអភិវឌ្ឍមូលធនមនុស្ស ដែលចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល។

រូបភាព៖ រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឆ្លៀតក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា ការលើកកម្ពស់ការអប់រំ លើជំនាញបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាព ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៃបេសកកម្មរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំនៅកម្ពុជា។

ទន្ទឹមគ្នានេះ លោក ជា វ៉ាន់ដេត ក៏សូមលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ ដែលមានតម្រូវការស្នើសុំហិរញ្ញប្បទានសិក្សាពីកម្មវិធី អភិវឌ្ឍន៍ជំនាញឌីជីថល អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៨ ៩៤៣ ៧៧៧ ឬគេហទំព័រ www.dsdp.gov.kh ឬតាមដានហ្វេសប៊ុកផ្លូវការឈ្មោះ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល»៕

រូបភាព៖ រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


Khcct banner

អត្ថបទទាក់ទង