Cctimesw1140xh150cm copy

ក្រសួងមហាផ្ទៃ បដិសេដចំពោះការលាបពណ៌កម្ពុជាថាជាជម្រុកល្បែងអនឡាញខុសច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបដិសេដចំពោះខ្សែភាពយន្តចិនមួយដែលនិយាយអំពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ។ អ្នកនាំពាក្យបញ្ជាក់ថា ទិដ្ឋភាពក្នុងខ្សែភាពយន្តនេះមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាទេ ពោលគឺជាការលាបពណ៌កម្ពុជាថាជាជម្រុក ល្បែងអនឡាញខុសច្បាប់ ឬជាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ដើម្បីទាញយកផលចំណេញពីផ្នែកណាមួយ។

លោក ទូច សុឃៈ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រាល់ទិដ្ឋភាពដែលបង្ហាញក្នុងខ្សែភាពយន្តនោះ គឺជាការឆ្លុះបញ្ចាំងពីទិដ្ឋភាពរួមក្នុងពិភពលោកទាំងមូលក្នុងតំបន់អាស៊ាន និងតាមប្រទេសនិមួយៗ ពីព្រោះប្រទេសទាំងអស់ចៀសមិនផុតពីការកើតបទល្មើសផ្សេងៗគ្រាន់តែស្រាលធ្ងន់ តិចច្រើន គឺតែងតែកើតមាន ប៉ុន្តែបើយកទិដ្ឋភាពក្នុងខ្សែភាពយន្តចិនមួយនោះ មកឆ្លុះបញ្ចាំងថាជាទិដ្ឋភាពពិតកើតឡើងនៅកម្ពុជា គឺជាការលាបពណ៌មួយ ជាការបង្អាប់កេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូររបស់រដ្ឋអធិបតេយ្យមួយ ក្នុងគោលបំណងទាញយកចំណេញផ្នែកសេដ្ឋកិច្ច ទេសចរណ៍ នយោបាយ ឬផ្នែកសិល្បៈវប្បធម៌។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា កម្ពុជាមិនអាចទទួលយកបានទេ ចំពោះភាពយន្តចិនទាក់ទងនឹងបទល្មើសឆបោកនៅកម្ពុជា។ កម្ពុជាមិនមែនជាជម្រុកនៃឧក្រិដ្ឋកម្ម ឧក្រិដ្ឋជន អំពើព្រៃផ្សៃ និងល្បែងអនឡាញខុសច្បាប់ទេ កម្ពុជាជារដ្ឋអធិបតេយ្យមួយដែលមានកិត្តិយសសេចក្តីថ្លៃថ្នូរ ក៏ចង់ឲ្យក្លាយជាប្រទេសប្រកបដោយអច្ឆរិយៈមួយដ៏ច្បាស់លាស់ផងដែរ។

គួររម្លឹកថា ខ្សែភាពយន្តចិនដែលមានចំណងជើងថា No More Bets និយាយអំពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍កំពុងទទួលបានការចាប់អារម្មណ៍តាមរយៈការចាក់បញ្ចាំងនៅក្រៅប្រទេស ជាខ្សែភាពយន្តដែលបាននិយាយពីបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅប្រទេសមួយចំនួន ក្នុងនោះមានកម្ពុជា ក៏បានរងប្រតិកម្មពីសាធារណជនថាជាការធ្វើឲ្យកម្ពុជាខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ជាពិសេសគឺវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីការបញ្ចាំងភាពយន្តមួយនេះ។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា កន្លងមកក្រុមការងារសម្របសម្រួលអនុវត្តច្បាប់កម្ពុជា-ចិន គឺបានស្រាវជ្រាវបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ និងបទល្មើសពាក់ព័ន្ធសេដ្ឋកិច្ច ផ្សេងៗទៀត បាននៅក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២៣នេះ ចំនួន៤ករណី ហើយក្នុងនោះឃាត់ខ្លួនជនបរទេសចំនួន១៤នាក់ ហើយជំនាញបានធ្វើនីតិវិធីបណ្តេញបរទេសទាំង១៤នាក់នោះពីកម្ពុជា ចប់សព្វគ្រប់ស្របតាមច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង