Img 1426
Swift cc time

រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យជាតិតេជោសន្តិភាព មុនដាក់ដំណើរការផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល (រូបភាព៖ ក្រសួងសុខាភិបាល) 

ភ្នំពេញ៖ មុននិងការសម្ពោធដាក់ឱ្យដំណើរការមន្ទីរពេទ្យជាតិតេជោសន្តិភាពនៅចុងខែតុលាខាងមុខនេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ព្រមទាំងពិនិត្យវឌ្ឍនភាព នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងដើម្បីពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺ ជាពិសេសត្រូវផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា ក៏បានពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំ ជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច ដែលបានដាក់ចេញ។ ទន្ទឹមនឹងការអភិវឌ្ឍន៍នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត ជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ មន្ទីរពេទ្យនេះមានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ វះកាត់ អគារសម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល ជាច្រើនដែលអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ១ម៉ឺនគ្រែ និងបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗ។ សមិទ្ធិផលដ៏ធំធេងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សមេ្តចតេជោ និងសមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង