.png?1696303690)
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ និស្សិកម្ពុជាជិត ១ ០០០នាក់ បានបន្ដការសិក្សានៅសហរដ្ឋអាម៉េរិក។ នេះបើតាមប្រសាសន៍លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិព័រណ៌ការសិក្សានៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ កញ្ញា កន្លងទៅ។
លោក Murphy បានប្រាប់អ្នកសារព័ត៌មានថា ការអប់រំពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយលោកចាប់អារម្មណ៍លើការអប់រំក្រោយមធ្យមសិក្សានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសដទៃទៀត។ លោកសង្ឃឹមថា និស្សិតកម្ពុជា នឹងចាប់អារម្មណ៍នៅក្នុងការបន្ដការសិក្សានៅអាម៉េរិក។ ជាពិសេសអាម៉េរិក ក៏មានការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់និស្សិតកម្ពុជាដែលចាប់អារម្មណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ផងដែរ។
លោក Murphy បានបន្ដថា ក្នុងមួយឆ្នាំៗ និស្សិតកម្ពុជាជិត១ពាន់នាក់ បានបន្ដការសិក្សានៅអាម៉េរិក។ ជាពិសេស ចំនួននិស្សិតកម្ពុជាទៅសិក្សានៅអាម៉េរិកមានការកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្ដែលោកចង់ឃើញចំនួននិស្សិតច្រើនជាងនេះ បានទៅបន្ដការសិក្សា នៅអាម៉េរិក ហើយលោកជឿជាក់ថាចំនួននិស្សិត នឹងកើនឡើងកាន់តែច្រើន ថែមទៀត។
លោក Murphy បានឱ្យដឹងទៀត និស្សិតកម្ពុជា ជាច្រើនបានត្រឡប់មកកម្ពុជាវិញ ជាមួយជំនាញជាច្រើន រួមទាំងជំនាញបច្ចេកទេស សេដ្ឋកិច្ចឌីជីថល ជំនាញអាជីវកម្ម និង វិទ្យាសាស្ត្រសង្គម ជាដើម។ មិនតែប៉ុណ្ណោះនិស្សិតដែលបានបញ្ចប់ការសិក្សា និងត្រឡប់មកវិញ ពួកគេបានចូលរួមធ្វើការក្នុងវិស័យអប់រំ ចូលរួមជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល។ អាម៉េរិកផ្តល់សញ្ញាបត្រនៅគ្រប់វិស័យដែលសិស្សអាចស្រមៃបាន ប៉ុន្ដែជំនាញទាំងនោះ ត្រូវតែត្រូវនឹងអ្វីដែលកម្ពុជាត្រូវការដើម្បីបន្តការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកំណើនសេដ្ឋកិច្ច៕

