Cctimesw1140xh150cm copy

និស្សិតមកពីសាលា CADT ឈ្នះការប្រកួតកម្មវិធី«យុវជន២១»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី «យុវជន២១ (Youth21)» នាថ្ងៃទី០២ តុលា នេះ យុវជន មកពីសាលាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានឈ្នះនៅក្នុងការប្រកួត ដែលតាមពីក្រោយដោយ សាកលវិទ្យាល័យអង្គរ និងជ័យលាភីលេខ៣ បានទៅលើសាកលវិទ្យាល័យផារ៉ាហ្គន។

ការប្រកួតកម្មវិធី «យុវជន២១ (Youth21)» រដូវកាលទី៣ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម» សម្រិតសម្រាំងបានបេក្ខជនឆ្នើមចុងក្រោយតាមរយៈការបង្ហាញពីគម្រោងអាជីវកម្ម របស់ខ្លួនប្រកបដោយគំនិតច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហានៅក្នុងបរិបទឌីជីថល។ នៅក្នុងនោះ និស្សិតមកពីសាលាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានឈ្នះនៅក្នុងការប្រកួត ដែលពួកគេធ្វើគម្រោង «មន្ទីរពិសោធន៍ឌីជីថល - Digital Laboratory)» ជាកម្មវិធីទូរស័ព្ទដែលអាចអនុវត្តន៍ការពិសោធន៍លើមុខវិជ្ជាវិទ្យាសាស្ត្រ នៅកម្រិត វិទ្យាល័យចាប់ពីថ្នាក់ទី១០ រហូតដល់ថ្នាក់ ទី១២។

ជាមួយគ្នានោះ ក្រុមយុវជនមកពីសាកលវិទ្យាល័យអង្គរ ជាប់ចំណាក់លេខ២ ដែលពួកគេបានធ្វើគម្រោង ផ្សារឌីជីថល «Nham Yum» ជាកម្មវិធីដែលអតិថិជនអាចកុម្ម៉ង់កញ្ចប់មុខម្ហូបបន្លែ ត្រី សាច់ និងគ្រឿងផ្សំផ្សេងៗ តាមប្រព័ន្ធអនឡាញយកទៅចម្អិន ហើយថែមជូនសៀវភៅមុខម្ហូបបែបឌីជីថល។ ចំណែកយុវជនមកពីសាកលវិទ្យាល័យផារ៉ាហ្គនម្ចាស់ បានជាប់ជ័យលាភីលេខ៣ ហើយពួកគេធ្វើគម្រោង «We Treat» ដែលជាក្រុមហ៊ុនរៀបចំ ផែនការសម្រាកលំហែ និងដំណើរកម្សាន្តសម្រាប់ក្រុមហ៊ុនអាជីវកម្មដោយបង្កើតនូវបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន ។

គួរបញ្ជាក់ថា កម្មវិធីយុវជន២១ ផ្ដួចផ្ដើមឡើងដោយ ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យក្លាយជាធនធានមនុស្ស និងមានបំណិនសហគ្រិនភាព ភាពជាអ្នកដឹកនាំនៅក្នុងសតវត្សទី២១ ដោយផ្ដល់ឱកាសដល់យុវជនអាចប្រើប្រាស់បំណិនឌីជីថល ដើម្បីដោះស្រាយបញ្ហា និងបង្កើតអាជីវកម្មក្នុងបរិបទថ្មី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង