
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ កញ្ញានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ៣០ ដល់ថ្ងៃទី០៤ ខែតុលា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្ដាខេត្តនៅភាគពាយ័ព្យ និងភាពខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៣០-៤០%។
រីឯរាជធានី និងបណ្ដាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៧០-៩០%។
ចំណែករាជធានីភ្នំពេញនៅក្នុងថ្ងៃនេះ អាចមានភ្លៀងនៅកម្រិតបង្គួរ ជាមួយនឹងភ្លៀងធ្លាក់គ្រប់ដណ្ដប់លើផ្ទៃដី ៩០%៕
