Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ថៃ ប្តេជ្ញាសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានប្តេជ្ញាសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគី នៅវិមានសន្តិភាព អំឡុងពេលដែល លោក សេដ្ឋា បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់កម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃជំនួបនេះ បានឲ្យដឹងថា ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ ផ្លាស់ប្ដូរនិងចែករំលែកព័ត៌មាន សហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជំងឺឆ្លង និងព័ត៌មានក្លែងក្លាយ ព្រមទាំងជួយគ្នាទៅវិញទៅ មកក្នុងការសង្គ្រោះពេលមានគ្រោះមហន្តរាយធម្មជាតិ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងពិចារណា ដោយយកចិត្តទុកបំផុតចំពោះសំណើឱ្យមាននីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅក្នុងខេត្តសុងក្លា ដើម្បីពង្រីកសេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើការនិងស្នាក់នៅ ក្នុងភាគខាងត្បូងនៃប្រទេសថៃ។

បន្ថែមនេះប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និងដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនងប្រជាជន និងប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង