
ពោធិ៍សាត់៖ នៅស្រុកវាលវែង ចាប់តាំងពីថ្ងៃទី២៧-៧៨ កញ្ញានេះ បានទទួលរងភ្លៀងធ្លាប់ជាប់ៗគ្នាជាច្រើនថ្ងៃដោយបានបណ្តាលឱ្យកើតឡើងជាជំនន់ទឹកភ្លៀងយ៉ាងខ្លាំងដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋជា ៥៣ខ្នង និងស្រែចំការជិត ២០០០ហិកតា លិចលង់ ហើយភ្លៀងនៅតែបន្តធ្លាក់ ។
បើតាមរបាយការណ៍បឋមរបស់រដ្ឋបាលស្រុកវាលវែង បានឱ្យដឹងថា ក្នុងឃុំប្រម៉ោយ មានភូមិចំនួន៧ បានរងផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសាទឹកជំនន់ ជនលិច និងខូចខាតផ្ទះចំនួន៥៣ខ្នងស្មើរ និង៥៣គ្រួសារ ខូចខាតផលដំណាំស្រែចំការ ដូចជាស្រូវ ដំឡូងមី ពោត ក្រូចពោធិ៍សាត់ ចេក ទុរេន ល្ហុង តាង៉ែន សរុបជិត២០០០ហិកតា។
បញ្ហាភ្លៀងនេះ បានធ្វើឱ្យប្រជាពលរដ្ឋជួបនូវបញ្ហាខ្វះខាតស្បៀងចំនួន ២៦៣គ្រួសារ ដោយសារជំនន់ទឹកភ្លៀង សត្វគោមួយចំនួនបានងាប់ និងខូចខាតផ្ទាំងសូឡាតម្លៃ ៣.០០០ដុល្លារ ១ឈុត ហើយផ្លូវមួយចំនួនបានរងការខូចខាត ។
ក្នុងនោះដែរលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យតស្ថានភាពទូទៅក្នុងស្រុកវាលវែង ដែលបានរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រយៈ ២ថ្ងៃនេះ ដើម្បីជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ហើយរហូតដល់ពេលនេះ ពុំមានករណីគ្រោះថ្នាក់បាត់បងជីវិតប្រជាពលរដ្ឋនោះទេ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបន្តជូនដំណឹងដល់ខេត្តមួយចំនួន ដែលរួមមានខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំនន់ទឹកភ្លៀង៕






