ភ្នំពេញ៖ ក្រសួងវប្បធម៌ នៅថ្ងៃទី២៦ កញ្ញា សេចក្តីជូនដំណឹង ស្តីពី ការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ។ ពាក់ព័ន្ធការសាងសង់សំណង់ដែលដូចទៅនឹងប្រាសាទអង្គវត្ត ក្រសួងបានបញ្ជាក់ថា អ្នកជំនាញ បានចុះទៅបានពិនិត្យទីតាំងសាងសង់ផ្ទាល់ និងឃើញថាសំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។
បើតាមក្រសួងវប្បធម៌ ចាប់តាំងពីករណីសំណង់នៅវត្តភូម៉ានហ្វា បានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១ ក្រសួងបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ។ ក្រសួងបានធ្វើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងភាគីថៃ ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។
ករណីនៃការបញ្ចូនអ្នកជំនាញចុះត្រួតពិនិត្យនិងចរចា គឺក្រសួងមានជំហរច្បាស់លាស់ ក្នុងការ ទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់កម្ពុជា ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិនិង អន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។
ក្រសួងវប្បធម៌ អំពាវនាវឱ្យសាធារណជនជ្រាបថា កិច្ចការនេះក្រុមការងារក្រសួង វប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញនិងការទូត៕