ប៊ូសាន៖ បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្រៀន និងរៀន ក្នុងបរិបទឌីជីថល» នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២០នាក់ ក្នុងនោះមានស្រី ០៦នាក់។
បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន ២០រូប បានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្រៀន និងរៀន ក្នុងបរិបទឌីជីថល នៅប្រទេសកូរ៉េ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំក្នុងគោលបំណង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាជំនួយដល់ការបង្រៀន និងរៀន នៅតាមសាលារៀនដោយផ្នែកលើផែនការសកម្មភាព។
វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទទួលការបណ្ដុះបណ្ដាលអំពី ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), ការសិក្សាពីពិភពសិប្បនិមិត្ត (Metaverse) ជំនួយក្នុងការបង្រៀន និងរៀនរបស់សិស្សនៅលើប្រព័ន្ធអនឡាញ និង ការសិក្សាអំពីកម្មវិធីសរសេរកូដ (Coding)។ ជាមួយគ្នានោះ សិក្ខាកាមទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅតាមវិទ្យាល័យមួយចំនួន ដើម្បីស្វែងយល់អំពីការបង្រៀន និងរៀនរបស់គ្រូ និងសិស្ស ដែលជាការចាក់បញ្ចូលគ្នានៃពិភពឌីជីថល ទៅនឹងពិភពពិត។
កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ និងមន្ទីរអប់រំ ទីក្រុងប៊ូសាន បានចូលរួមចំណែកយ៉ាងសកម្មលើកស្ទួយទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ជាពិសេសគឺជួយកាត់បន្ថយ គម្លាតឌីជីថលក្នុងវិស័យអប់រំរបស់កម្ពុជា ការចូលរួមគាំទ្រនូវសកម្មភាពកំណែទម្រង់របស់ក្រសួងលើការអភិវឌ្ឍ សមត្ថភាពបុគ្គលិកអប់រំ ការលើកកម្ពស់ការអប់រំបែបឌីជីថលលើការអប់រំសរសេរកូដ និងបញ្ញាសិប្បនិម្មិតជាដើម៕