Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ក្រសួងសុខាភិបាល ប្រាប់ពីវិធីបង្ការការឆ្លង«វីរុសហ្ស៊ីកា»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រោយមានករណីជំងឺ ហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ នៅខេត្តកំពង់ធំ ក្រសួងសុខាភិបាលបានប្រាប់ពីវិធីបង្ការការឆ្លងវីរុសហ្ស៊ីកា ដែលស្រដៀងទៅហ្នឹងជំងឺគ្រុនឈាម។ វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ដូច្នេះក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋ បំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង និង ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ជាដើម។

វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។

ដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ ហើយការការពារនេះ ពលរដ្ឋអាចអនុវត្ត បានដោយការបំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬ អាងស្តុកទឹក។ ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។

បន្ថែមពីនេះ ប្រជាពលរដ្ឋគួរប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះអាចប្រើ បានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។ បន្ថែមពីនេះ ត្រូវសម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។ ប្រសិនជាមិនចាំបាច់ ស្ត្រីមានផ្ទៃពោះ គូស្វាម៉ីភរិយាឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរឬមិនត្រូវធ្វើ ដំណើរទៅកាន់តំបន់ ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីក ហើយត្រូវអនុវត្តការការពារខ្លួនដែលជម្រាប ជូននេះឱ្យបានខ្ជាប់ខ្ជួនបំផុត។

លើសពិនេះ បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទដែលមានសុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទយ៉ាងហោចណាស់៦ខែ បន្ទាប់ពីការវិល ត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកាតាមការរួមភេទ។ គូស្វាម៉ីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺ ហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅ ទារកដែលនឹងបង្កកំណើត។ ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារ ប៉ុន្ដែមិនចង់មានផ្ទៃពោះ ដោយសារតែបានឆ្លងវីរុសហ្ស៊ីកា ត្រូវប្រើវីធីពន្យាកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

ស្រ្តីមានផ្ទៃពោះដែលមានរោគសញ្ញានៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះបានញឹកញាប់ជាមួយ គ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ក្រសួងសុខាភិបាលនឹងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព។

សូមបញ្ជាក់ថា​ មានករណីជំងឺ ហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបាន ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ កញ្ញា នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្តយកវត្ថុវិភាគ និងបានផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មក លទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្ស៊ីកា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង