រុស្សី៖ កងកម្លាំងរុស្សី និងអ៊ុយក្រែនបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា យោធាទាំងពីរបានចាត់វិធានការយោធាថ្មីដើម្បីប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងសមរភូមិដ៏ក្តៅជាមួយគ្នា ខណៈដែលលោកខាងលិចកំពុងបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន។យោងតាមក្រសួងការពារជាតិរុស្សីបានឲ្យដឹងថា យោធារុស្ស៊ីបានធ្វើការវាយប្រហារ លើមូលដ្ឋានយោធាអ៊ុយក្រែន មជ្ឈមណ្ឌលស៊ើបការណ៍បច្ចេកទេសវិទ្យុ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនអ៊ុយក្រែន ដោយរុស្សីបើការវាយប្រហារតាមផ្លូវអាកាសពីចម្ងាយ និងយន្តហោះគ្មានមនុស្សបើកផងដែរ។
កងកម្លាំងរុស្សីបានកំណត់គោលដៅទៅលើយោធាអ៊ុយក្រែន សព្វាវុធ និងឧបករណ៍ដូចជាកាំភ្លើងធំ រថពាសដែក ក្នុងទិសដៅតំបន់ Kupyansk, Krasny Liman, Donetsk និង Zaporizhzhia ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់មីស៊ីល Storm Shadow ចំនួន៥គ្រាប់ និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកយោធាអ៊ុយក្រែនចំនួន៧៥គ្រឿងថែមទៀតផង។
ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបន្តប្រតិបត្តិការវាយលុកទៅកាន់ទាហានរុស្សីក្នុងទិសដៅតំបន់ Melitopol និង Bakhmut ក្នុងរយៈពេល ២៤ ម៉ោងមុន ដោយមានការប្រយុទ្ធចំនួន ២០លើក រវាងកងកម្លាំងទាំងពីរនៅក្នុងតំបន់ជួរមុខ។ កងទ័ពអាកាសអ៊ុយក្រែន អង្គភាពមីស៊ីល និងកងកម្លាំងកាំភ្លើងធំបានបើកការវាយប្រហារប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការ យោធា និងតំបន់ប្រមូលផ្តុំឧបករណ៍ជាច្រើនរបស់រុស្សី។
ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូបៃដិន កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើកញ្ចប់ថវិការយោធាថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ ៣២៥ លានដុល្លារអាម៉េរិកបន្ថែម ដែលរួមមានកាំភ្លើងធំ គ្រាប់រំសេវ និងអាវុធប្រឆាំងរថក្រោះជាច្រើនទៀត។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan បានអះអាងថា ទោះបីជាសហរដ្ឋអាម៉េរិក មិនផ្តល់ប្រព័ន្ធមីស៊ីល Tactical Missile Systems ដល់អ៊ុយក្រែននាពេលនេះក៏ដោយ ក៏មិនបានច្រានចោលលទ្ធភាពនៃការផ្តល់ប្រព័ន្ធអាវុធនេះដល់អ៊ុយក្រែននាពេលអនាគតដែរ។ ប្រទេសស៊ុយអែតក៏បានប្រគល់រថក្រោះ STRV-122 ចំនួន ១០ គ្រឿងទៅឱ្យអ៊ុយក្រែន និងបានបណ្តុះបណ្តាលទាហានអ៊ុយក្រែនដែលបានធ្វើឲ្យជម្លោះរវាងរុស្សី និងអ៊ុយក្រែនកំពុងតែស្ថិតក្នុងបន្ទាន់ប្រកាសអាសន្ននៅទូទាំងសកលលោក៕