Cctimesw1140xh150cm copy

យុវជនមួយក្រុមបង្កើត«ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ» ដើម្បីសម្រួលការស្រោចស្រពរបស់កសិករ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ CAM-Science

ភ្នំពេញ៖ ក្រុមនិស្សិត ១៥រូប បានរួមគ្នាបង្កើត ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ (CAM-Smart Irrigation) ដើម្បីជួយសម្រួលទៅដល់ប្រជាកសិករ នៅក្នុងការស្រោចស្រពដំណាំរបស់ពួកគេ។ ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ ជាឧបករណ៍ស្រោចស្រពដំណាំឆ្លាតវៃ ដែលមានសមត្ថភាពជួយឱ្យអ្នកប្រើប្រាស់អាចបញ្ជាទឹក បិទ​ បើក កំណត់ពេលវេលាស្រោចស្រពបានពីចម្ងាយតាមរយ:ការបញ្ជាក្នុងកម្មវិធីទូរសព្ទដៃ ដោយមិនចំណាយពេលមកធ្វើការស្រោចដំណាំដល់ចម្ការ ឬសួនដំណាំរបស់កសិករផ្ទាល់នោះទេ។

CAM-Science ជាធុរកិច្ចមួយដែលធ្វើការសិក្សាស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍនូវឧបករណ៍ឆ្លាតវៃ ដែលជួយទៅលើវិស័យកសិកម្ម នៅកម្ពុជា។ ឧបករណ៍ទីមួយដែល CAM-Science កំពុងអភិវឌ្ឍ គឺ CAM-Smart Irrigation ដែលជាឧបករណ៍ស្រោចស្រពឆ្លាតវៃ ជួយកសិករបញ្ជាទឹក បិទ បើក ត្រួតពិនិត្យប្រព័ន្ធស្រោចស្រព ពីចម្ងាយតាមរយ:ការបញ្ជាក្នុងកម្មវិធីទូរសព្ទដៃ។ បន្ដែមពីនេះ អ្នកប្រើប្រាស់អាចកំណត់ម៉ោង ក្នុងការបិទ បើក​ និងពិនិត្យទៅលើសំណើមដី ពីចម្ងាយបាន ថែមទៀតផង ដែលទាំងនេះបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាកសិករ ថាតើពួកគេគួរស្រោចទឹកដំណាំប៉ុណ្ណា ដើម្បីឱ្យបានសមស្របសម្រាប់ដំណាំរបស់ពួកគេ។

រូបភាព៖ CAM-Science

កញ្ញា នាក់ សុខគីម ជានិស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាស្ថាបនិក CAM-Science​ បានប្រាប់ស៊ីស៊ីថាមស៍ថា CAM-Science​ បានបង្កើតឡើងនៅក្នុងឆ្នាំ២០២១ ដោយមើលឃើញប្រជាកសិករធ្វើស្រែតាមបែបប្រពៃណី ដូច្នេះទើបពួកយើងប្រើប្រាស់បច្ចេកវិទ្យា ទៅធ្វើនវានុវត្តន៍បង្កើតអ្វីដែលថ្មី ដើម្បីជួយដោះស្រាយបញ្ហានៅក្នុងវិស័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា។

កញ្ញា នាក់ សុខគីម ស្ថាបនិក Cam Science​ (រូបភាព៖ CAM-Science)

យុវតីរូបនេះបានបន្ដថា CAM-Science បានបង្កើតឡើងដោយក្រុមយុវជន ដែលជានិស្សិតរួមគ្នាបង្កើតឡើង នៅក្នុងឆ្នាំ២០២១។ បច្ចុប្បន្ននេះ CAM-Science មានសមាជិក ១៥រូប ដែលមានជំនាញផ្សេងគ្នា និងមកពីសាកលវិទ្យាល័យផ្សេងគ្នា។ ជាពិសេសក្នុងពេលដែលពួកយើងជានិស្សិត ដូច្នេះនៅក្នុងការចាប់ផ្ដើមធុរកិច្ច មានភាពពិបាក។ ដើម្បីស្វែងរកថវិកា ក្នុងការដំណើរការធុវកិច្ចនេះ CAM-Science បានចូលរួមប្រកួតជាច្រើន និងទទួលបានថវិកា នៅក្នុងការដំណើរការ CAM-Science និងទទួលបានការចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ទើបធ្វើឱ្យ CAM-Science បន្ដរហូតមកដល់សព្វថ្ងៃនេះ។

រូបភាព៖ CAM-Science

កញ្ញា នាក់ សុខគីម បានឱ្យដឹងថា បន្ទាប់ពីប្រជាកសិករបានប្រើប្រាស់ CAM-Smart Irrigation ពួកគេសប្បាយចិត្ត ដែលកាលពីមុនពួកគេចំណាយពេល៣ទៅ៤ម៉ោង នៅក្នុងការស្រោចស្រពដំណាំ។ ប្រជាកសិករខ្លះទៀត បានចំណាយទាំងថវិកា នៅក្នុងការជួលកម្មករនៅក្នុងការស្រោចស្រពដំណាំ។ ពេលខ្លះការស្រោចស្រពរបស់ពួកគេ ក៏មិនមានប្រសិទ្ធភាពដែរ ដោយសារពួកគេមិនដឹងពីកម្រិតសំណើមដីនៅក្នុងចំការរបស់ពួកគេ ដែលធ្វើឱ្យការស្រោចស្រព មិនទទួលបានប្រសិទ្ធភាពខ្ពស់។ ដូច្នេះការប្រើប្រាស់ AM-Smart Irrigation ធ្វើឱ្យកសិករចំណេញពេលវេលា មិនចំណាយកម្លាំង កាត់បន្ថយការប្រើប្រាស់ថវិកា និងទទួលបានទិន្នផលខ្ពស់៕

រូបភាព៖ CAM-Science
រូបភាព៖ CAM-Science
រូបភាព៖ CAM-Science
រូបភាព៖ CAM-Science
រូបភាព៖ CAM-Science
រូបភាព៖ CAM-Science
រូបភាព៖ CAM-Science
រូបភាព៖ CAM-Science
រូបភាព៖ CAM-Science


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង