Cctimesw1140xh150cm copy

«នំពុម្ព»ឆ្ងាញ់ប្លែក៣រសជាតិ ទាក់ចិត្តភ្ញៀវរង់ចាំទិញកុះករក្បែររបងសាលាបាក់ទូក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នំពុម្ពឆ្ងាញ់មួយកន្លែងមានទីតាំងលក់នៅក្បែររបងវិទ្យាល័យបាក់ទូក បានទាក់ចិត្តភ្ញៀវទាំងក្មេងចាស់ប្រុសស្រីឲ្យមករង់ចាំទិញច្រើនកុះករ។ លោក ម៉ម ស៊ីផៃ មានវ័យ៦៤ ឆ្នាំ ជាអ្នកលក់នាំពុម្ពតាមម៉ូតូ បានប្រាប់ថា នំពុម្ពដែលគាត់លក់មានបីរសជាតិ គឺរសជាតិធម្មតា រសជាតិល្ង និង រសជាតិស្លឹកតយ។ ហើយកាលដែលមានភ្ញៀវមកចោមរោមទិញច្រើននេះ គឺដោយសារនំពុម្ពនេះមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ និងមានអនាម័យល្អ។

អ្នកលក់នំពុម្ពនេះ បានឲ្យដឹងថាភ្ញៀវដែលមកទិញមានទាំងចាស់ទាំងក្មេង តែភាគច្រើនជាមនុស្សចាស់ដែលនិយមជាង អ្នកខ្លះទិញម្តង១៥-២០នំ ហើយនំពុម្ពមួយតម្លៃ១០០០រៀល។ លោកបន្តថា ភ្ញៀវដែលមកទិញបានសរសើរថានំពុម្ពឆ្ងាញ់មាន៣រសជាតិអាចជ្រើសរើសបាន ហើយទោះបីជាត្រូវរង់ចាំបន្តិចក៏ភ្ញៀវនៅតែអាចរង់ចាំបាន។

លោក ម៉ម ស៊ីផៃ អ្នកលក់នំពុម្ព

លោក ម៉ម ស៊ីផៃ ថានំពុម្ពរបស់លក់ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោងថ្ងៃរសៀល តែថ្ងៃខ្លះភ្ញៀវសម្រុកមកទិញច្រើនពេកអស់ម្សៅលឿនក៏មាន។ ថ្ងៃខ្លះលោក និងកូនប្រុសរវល់ជាប់ដៃលក់សឹងគ្មានពេលហូបបាយ ដោយសារភ្ញៀវមកទិញហូរហែមិនដាច់។ ហើយទោះបីជានឿយហត់ក្តី លោក និងកូនប្រុសនៅតែបន្តខិតខំទាំងថ្ងៃក្តៅលក់នំពុម្ព ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារលោក។

អ្នកលក់នំពុម្ពរូបនេះ បានបន្តថាក្នុងមួយថ្ងៃលោកលក់នំពុម្ពបានពី២-៣ ធុង ក្នុងមួយធុងលក់បានប្រាក់ប្រមាណ២៥ម៉ឺនរៀល។ លោកថា របរលក់នំពុម្ពនេះបានជួយសម្រួលជីវភាពគ្រួសារបានគួរសម។ ហើយបច្ចុប្បន្ន នំពុម្ពលោកមានលក់ពីរទីតាំងមាននៅក្បែររបងវិទ្យាល័យបាក់ទូក និងម្ដុំបឹងព្រលឹតដាក់ឲ្យកូនស្រីជាអ្នកលក់។ ចំណែកទីតាំងលក់ក្បែររបងវិទ្យាល័យបាក់ទូក លោក និងកូនប្រុស ជាអ្នកលក់ព្រោះមានភ្ញៀវមកទិញច្រើន។

លោក ម៉ម ស៊ីផៃ សប្បាយចិត្តនៅពេលឃើញពលរដ្ឋខ្មែរទាំងក្មេងចាស់ចូលចិត្ត និងគាំទ្រនំពុម្ពដែលជានំរបស់ខ្មែរយើង។ អ្នកលក់នំពុម្ពរូបនេះ បានសំណូមពរដល់ភ្ញៀវឲ្យបន្តគាំទ្រទិញខ្មែរទៀត ដើម្បីជួយដល់ជីវភាពអាជីវករ ហើយលោកក៏ឆ្លៀតឳកាសនេះ អរគុណដល់ភ្ញៀវដែលបានរង់ចាំទិញនំពុម្ពយ៉ាងមានភាពអត់ធ្មត់ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង