
បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ហើយក៏ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣។
គិតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ២៦ % លើទំហំការងារសរុបរបស់គម្រោង។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣. ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤.៥០០ ហិកតា ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បានមានប្រសាសន៍ថា គម្រោងនេះ គឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលសំណង់នេះ ជាប្រភេទទំនប់ធំ ដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តន៏នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ លើសពីនេះ ទំនប់ដូនទ្រី ក៏នឹងមានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឲ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រី។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះគឺជាសមិទ្ធផលទី ២ នៅក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ដែលបានកើតឡើង ក្រោមការដឹកនាំប្រកបដោយរបស់សម្តេច ហ៊ុន សែន ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវិស័យទឹកនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩៕
.jpg?1596772209)
