ភ្នំពេញ៖ Impact Hub Phnom Penh បង្កើតកម្មវិធីជំរំមាតិកាប្រសព្វ សម្រាប់ផ្សារភ្ជាប់អ្នកផលិតមាតិកាដើម្បីមានឱកាសរៀនជាមួយនឹងអ្នកជំនាញដើម្បីពង្រឹងការបង្កើតមាតិកាដែលនឹងប្រព្រឹត្តចំនួន៤ខែ។
បើតាមគេហទំព័រដែលមានឈ្មោះថា Prosob បានឱ្យដឹងថា កម្មវិធីជំរំមាតិកាប្រសព្វ នឹងប្រព្រឹត្តទៅរយៈពេល៤ខែ ដើម្បីជួយគាំទ្រដល់អ្នកចាប់ផ្ដើមបង្កើតមាតិកាផ្សព្វផ្សាយថ្មីៗ ក្នុងការទទួលបាននូវបទពិសោធន៍ បណ្តាញក្នុងវិស័យ ការគាំទ្រ ការសហការបែបច្នៃប្រឌិត ដើម្បីបង្កើតមាតិកាពី រឿងរ៉ាវ ឬជាខ្លឹមសារទាក់ទងនឹងការចូលរួមរបស់យុវជនក្នុងកិច្ចការងារសង្គម បរិស្ថាន និងសាធារណៈផ្សេងៗក្នុងសហគមន៍។
លក្ខខណ្ឌដែលអាចដាក់ពាក្យចូលរួមបាន គឺបេក្ខជនត្រូវមានចំណេះដឹង និងជំនាញខ្លះៗក្នុងការបង្កើតមាតិកា ជាសំណេរ ជារូបភាពឌីហ្សាញ វីដេអូ សម្លេងជាដើមដែលបានចាប់ផ្តើមបង្កើតវេទិកាចែកចាយមាតិកាស្រាប់អាចជាហ្វេសប៊ុក ឬ Tiktok ។ បន្ថែមពីនេះ បេក្ខជនត្រូវមានចិត្ត និងឆន្ទៈក្នុងការបង្កើតមាតិកាទាក់ទងនឹងការចូលរួមរបស់យុវជនក្នុងសង្គម បរិស្ថាន និងកិច្ចការស៊ីវិលរបស់សហគមន៍ រួមទាំងជាបេក្ខជនដែលមានឆន្ទៈក្នុងការសហការបែបច្នៃប្រឌិតជាមួយអ្នកដទៃជុំវិញខ្លួន។
សកម្មភាពដែលនឹងមាននៅក្នុងកំឡុងពេលកម្មវិធីមានដូចជា ការរៀនពីការបង្កើតមាតិកាសង្គម មានជាថ្ងៃជំរំបង្កើតមាតិកា ចំនួន ៣តង់ និងថ្ងៃជំរំប្រមូលផលដែលនឹងបញ្ចូលពីរឿងរ៉ាវដែលបានផលិតរួមគ្នាកន្លងមក។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមតំណភ្ជាប់ media4impact.net/prosob-content-camp ឱ្យបានមុនថ្ងៃ ៣០ កញ្ញា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា កម្មវិធីជំរំនេះត្រូវបានរៀបចំក្រោម media4impact ដែលជាការបង្កើតថ្មីរបស់ Impact Hub Phnom Penh ដែលមានបំណងប្រមូលផ្តុំការបង្កើតថ្មី ដែលបានដំណើរការជាផ្លូវការតាំងពីខែតុលា ឆ្នាំ២០២២ ៕