ខេត្តសៀមរាប៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូនៃស្ថានទូតអាម៉េរិក ដែលមានមន្ត្រីការទូតអាម៉េរិក និងបុគ្គលិកខ្មែរនៅក្នុងស្ថានទូត ចំនួនជាង ៦០ រូប ទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែកញ្ញា ដើម្បីទាញការចាប់អារម្មណ៍លើទំនាក់ទំនងទ្វេភាគី ភាពជាដៃគូ និងកម្មវិធីផ្សេងៗ ដើម្បីជំរុញដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈ «សប្តាហ៍មិត្តភាព កម្ពុជា-អាម៉េរិក ឆ្នាំ ២០២៣»។
នេះជាការបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលគណៈប្រតិភូបានធ្វើការប្រាស្រ័យជាមួយដៃគូនៅខេត្តសៀមរាប និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ធុរកិច្ច យុវជន ការដោះមីន ការពង្រឹងការអនុវត្តច្បាប់ និងសន្តិសុខ។
លោក Murphy បានលើកឡើងថា «គាត់ ជាស្ថានទូតអាម៉េរិកនៅទូទាំង ២៥ ខេត្តក្រុង នៅកម្ពុជា ហើយគាត់មានសេចក្តីរំភើបរីករាយជាខ្លាំង ក្នុងការនាំក្រុមបុគ្គលិកទាំងអស់របស់គាត់ ទៅកាន់ខេត្តភាគខាងជើងនេះ ជាទីដែលយើងមានកម្មវិធី និងការងារជាច្រើន ជាមួយដៃគូនៅក្នុងមូលដ្ឋាន»។
សប្តាហ៍មិត្តភាព កម្ពុជា- អាម៉េរិក មានការចូលរួមពីមន្រ្តីមកពីក្រសួងការបរទេសអាម៉េរិក រួមមាន ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិអាម៉េរិក, ក្រសួងការពារជាតិអាម៉េរិក, មជ្ឈមណ្ឌលបង្ការនិងកម្ចាត់ជំងឺអាម៉េរិក, ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិអាម៉េរិក និងទីភ្នាក់ងារដទៃទៀតដែលមានតំណាងនៅស្ថានទូតអាម៉េរិក។
ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិករបស់ស្ថានទូត រួមមានការជួបប្រជុំជាមួយមន្រ្តីរដ្ឋាភិបាលនៅថ្នាក់ខេត្ត ការជួបសំណេះសំណាលជាមួយពលរដ្ឋអាម៉េរិកដែលរស់នៅសៀមរាប ការប្រជុំពិភាក្សាជាមួយនិស្សិតសាកលវិទ្យាល័យ ដែលជាអ្នកទទួលផលពីកំណែលម្អនៃកម្មវិធីសិក្សាផ្នែកព័ត៌មានវិទ្យា ហើយជាការបើកកម្មវិធីដែលផ្តល់អំណាចដល់ស្រ្តី និងយុវជន តាមរយៈកីឡា។
គណៈប្រតិភូរបស់ស្ថានទូតអាម៉េរិក ក៏បានរៀបចំពិធីជួបជុំដ៏ធំមួយ នាថ្ងៃទី ២០ កញ្ញា នៅខេត្តសៀមរាបផងដែរ ដើម្បីអបអរដល់ដៃគូដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នារបស់រដ្ឋាភិបាលអាម៉េរិក និងសមភាគីសំខាន់ៗ ដែលមាននាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងយូរអង្វែង រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។
កម្មវិធីរយៈពេលមួយសប្តាហ៍នេះ មានសកម្មភាពការងារនានានៅតាមមូលដ្ឋាន ទស្សនកិច្ចផ្លូវការ និងការប្រាស្រ័យជាមួយដៃគូក្នុងមូលដ្ឋាននៅសៀមរាប គឺជាការបន្តមិត្តភាពកម្ពុជា-អាម៉េរិក ឆ្នាំ ២០២៣ ដែលជាការអបអរទំនាក់ទំនងយូរអង្វែង រវាងប្រជាជន និងប្រជាជន ហើយនិងជាឱកាសក្នុងការជំរុញបន្ថែមដល់វិស័យសហប្រតិបត្តិការនានា រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា៕