ភ្នំពេញ៖ កម្មវិធីទាំង៥នេះ នឹងអាចចូលរួមចំណែកសម្រាប់សិស្សទី១២ ដែលនឹងត្រៀមប្រឡងបាក់ឌុបអោយកាន់តែមានភាពសកម្មក្នុងការស្វ័យសិក្សា ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតមុនពេលប្រឡង និងរំលឹកឡើងវិញដោយការមើលមេរៀន រួមទាំងរំលឹកដោយការធ្វើលំហាត់ និងសំណួរផ្សេងៗ។
ការប្រឡងបាក់ឌុបជារឿងមួយដែលសិស្សភាគច្រើនមានភាពរំភើបបូកផ្សំជាមួយនឹងភាពភ័យខ្លាចពីព្រោះថាវាជាពេលមួយដែលអាចមានឥទ្ធិពលលើដំណើរនៃការសម្រេចចិត្តបន្តទៀតរបស់យុវជននៅក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យជាមួយនឹងជំនាញមួយដែលខ្លួនពេញចិត្តសម្រាប់ប្រកបរបរនាពេលអនាគត។
ការត្រៀមខ្លួនមុនប្រឡងបាក់ឌុបមិនត្រឹមតែការរៀននៅក្នុងថ្នាក់ប៉ុណ្ណោះទេ សិស្សភាគច្រើនត្រូវចំណាយពេលជាមួយនឹងការរៀនខាងក្រៅបន្ថែមទៀត រៀនជាក្រុម រួមទាំងរៀនដោយខ្លួនឯងផងដែរ។ អាស្រ័យហេតុនេះហើយថ្ងៃនេះ ស៊ីស៊ីថាមស៍សូមធ្វើការណែនាំកម្មវិធីទូរស័ព្ទដៃចំនួន៥ដែលអាចជួយឱ្យការរៀនដោយខ្លួនឯងរបស់សិស្សកាន់តែមានប្រសិទ្ធភាព ដោយសារតែកម្មវិធីនីមួយៗសុទ្ធតែមានចំណុចពិសេសរបស់វារៀងៗខ្លួនក្នុងការជួយសិស្សថ្នាក់ទី១២ត្រៀមលក្ខណៈក្នុងការប្រឡង។
កម្មវិធីទី១ ជាកម្មវិធីរបស់ក្រសួងអប់រំដែលមានឈ្មោះថា MOEYs ដែលអាចទាញយកពី Appstore ឬ Playstore ដោយវាយពាក្យ MOEYs ។ កម្មវិធីនេះមានគ្រប់កម្រិតថ្នាក់ចាប់ពីថ្នាក់ទី១ រហូតដល់ទី១២ដែលមានជាវីដេអូបង្រៀនពីមេរៀននីមួយៗយ៉ាងលម្អិតពីសំណាក់លោកគ្រូអ្នកគ្រូគ្រប់កម្រិត។ តាមរយៈកម្មវិធីនេះ សិស្សទី១២ អាចចូលទៅមើលវីដេអូឡើងវិញដើម្បីអាចធ្វើការស្តាប់ការពន្យល់សារជាថ្មីបន្ថែមទៀត ប្រសិនបើភ្លេច ឬមិនទាន់យល់ច្បាស់ពីមេរៀនត្រង់ចំណុចណាមួយ។
ក្រៅពីការមើលវីដេអូរំលឹកឡើងវិញពីអ្វីដែលមិនសូវច្បាស់ និងអ្វីដែលបានភ្លេច សិស្សក៏កាន់តែអាចពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀតជាមួយនឹងការអនុវត្តដោយខ្លួនឯងជាមួយនឹងគម្រូលំហាត់ផ្សេងៗដែលបែបស្តង់ដាចេញប្រឡង ដូចនេះ សិស្សអាចទាញយកកម្មវិធីដែលមានឈ្មោះថា Tesdopi ដែលវាជាកម្មវិធីមួយដែលមានមុខងារជាច្រើនសម្រាប់សិស្សស្វ័យសិក្សាដោយខ្លួនឯងដូចជា រៀនមេរៀនឡើងវិញ ធ្វើតេស្តត្រៀមប្រឡង ធ្វើតេស្តសមត្ថភាព និងបណ្ណាល័យ។
ក្រៅពីការរំលឹកមេរៀន និងអនុវត្តលំហាត់ផ្សេងៗដោយខ្លួនឯង សិស្សគប្បីមើលគម្រូវិញ្ញាសាដែលធ្លាប់ចេញនៅឆ្នាំកន្លងមក ដើម្បីដឹងថាការប្រឡងមានលក្ខណៈបែបណា និងអាចសាកល្បងធ្វើដោយខ្លួនឯងដើម្បីផ្សាំុខ្លួនជាមួយនឹងការគ្រប់គ្រងពេលវេលាក្នុងការប្រឡងបានល្អ។ កម្មវិធីដែលសិស្សអាចចូលទៅមើលគម្រូនៃវិញ្ញាសាប្រឡង គឺកម្មវិធី Khmer BacII ដែលអាចទាញយកពី Appstore និង Playstore ផងដែរ។
កម្មវិធីដែលអាចជួយសិស្សក្នុងការរំលឹកមេរៀនទាំងរូបមន្តនិងសំណួរផ្សេងៗទៀតដែលអាចនឹងចេញក្នុងការប្រឡងទៀតនោះ គឺកម្មវិធីដែលមានឈ្មោះថា ថ្នាក់ទី១២ ដែលសិស្សអាចទាញយកពី Appstore ឬ Playstore ដោយវាយពាក្យថា Grade 12 ។ កម្មវីធីនេះមានដាក់ជាមេរៀនសង្ខេប រូបមន្តសង្ខេប សំណួរចម្លើយ និង លំហាត់សម្រាប់សិស្សអនុវត្ត។
ជាចុងក្រោយ កម្មវីធីដែលអាចឱ្យសិស្សធ្វើការជ្រើសរើសជំនាញមកសិក្សានៅសាកលវិទ្យាល័យនោះគឺកម្មវិធី Sala.co ដែលជាកម្មវិធីមួយដែលមានមុខងារផ្សេងៗដូចជា មុខងារដែលសិស្សអាចចូលទៅមើលពីសាកលវិទ្យាល័យនីមួយៗនិងតម្លៃនៃការសិក្សាជំនាញនៅសាកលវិទ្យាល័យ ជំនាញផ្សេងៗ និងមានបង្ហាញការជូនដំណឹងពីកម្មវិធីនិងអាហារូបករណ៍ផ្សេងៗសម្រាប់សិស្សផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីខាងលើទាំង៥សុទ្ធតែជាកម្មវិធីដែលត្រូវបានបង្កើតឡើងសម្រាប់សិស្សថ្នាក់ទី១២ និងសិស្សដែលត្រៀមលក្ខណៈមកសិក្សានៅសាកលវិទ្យាល័យ ដូចនេះសិស្សគ្រប់រូបអាចធ្វើការទាញយកកម្មវិធីទាំងនោះប្រើប្រាស់តាមគោលបំណងផ្ទាល់ខ្លួនបាន៕