Cctimesw1140xh150cm copy

យុវជន អុឹង សង្ឃរា ជាសិស្សទី១២ តែមានបទពិសោធន៍ប្រកួតប្រជែង និងធ្វើការងារសង្គមជាច្រើន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជន អ៊ឹង សង្ឃរា បច្ចុប្បន្នជាសិស្សថ្នាក់ទី១២ តែធ្លាប់បានចូលរួមកម្មវិធីជាច្រើនមិនថាការងារស្ម័គ្រចិត្ត រៀបចំកម្មវិធី និងការប្រកួតប្រជែងផ្សេងៗ រហូតទទួលបានជ័យលាភីការប្រកួតនិយាយជាសាធារណៈកាលពីថ្មីៗនេះដែលរៀបចំដោយក្រុមការងារអង្គការសម្លេងយុវជន។

យុវជន អ៊ឹង សង្ឃរា ដែលជាសិស្សថ្នាក់ទី១២ មកពីសាលាអន្តរទ្វីបអាមេរិកកាំង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ខ្លួនធ្លាប់មានបទពិសោធន៍ចូលរួមការប្រកួតជាច្រើនមិនថាការនិយាយជាសាធារណៈ ឬការជជែកដេញដោល ព្រមទាំងការងារស្ម័គ្រចិត្ត និងការចូលរួមការងារជាមួយនឹងសហគមន៍ផ្សេងៗជាច្រើនដូចជាពិព័ណ៌សៀវភៅកម្ពុជា ពិព័រណ៍អប់រំ និងកម្មវិធីសប្បុរសធម៌ផ្សេងៗទៀតជាច្រើន តែដោយសារតែឆ្នាំនេះជាឆ្នាំដែលត្រូវប្រឡងទើបត្រូវដកឃ្លា និងកាត់បន្ថយសកម្មភាពខ្លះពាក់ព័ន្ធនឹងការងារនេះ។

ថ្វីត្បិតតែមានការដកឃ្លាពីការងារសហគមន៍មួយចំនួនក៏ពិតមែនតែយុវជនរូបនេះនៅតែបន្តក្នុងការប្រកួតជជែកនិយាយជាសាធារណៈរហូតបានជោគជ័យកន្លងទៅនេះក្រោមប្រធានបទ « Is success in academic and extracurricular endeavors a reflection of one's own worth?» (តើភាពជោគជ័យក្នុងការរៀនសូត្រ និងការខិតខំធ្វើការងារក្នុងសង្គមផ្សេងៗ ឆ្លុះបញ្ចាំងពីតម្លៃរបស់បុគ្គលម្នាក់ដែរទេ?) នៅក្នុងកម្មវិធីប្រកួតដែលរៀបចំដោយក្រុមការងារអង្គការសម្លេងយុវជន។

ទម្រាំអាចក្លាយជាម្ចាស់ជ័យលាភី បេក្ខជនរូបនេះបានឆ្លងកាត់ជាច្រើនដំណាក់កាលដូចជា វគ្គដាក់ពាក្យ វគ្គជម្រុះដំបូងដែលមានយុវជនចំនួន៣០រូបផ្សេងទៀតប្រកួតរួមគ្នា តែសង្ឃរាបានឆ្លងផុតវគ្គនេះទៅកាន់វគ្គពាក់កណ្តាលដាច់ព្រ័ត្រដែលបានប្រកួតជាមួយនឹងយុវជនផ្សេងទៀតចំនួន១៥ នាក់។ ដោយសារតែបទពិសោធន៍បូកផ្សំជាមួយនឹងការខិតខំប្រឹងប្រែង សង្ឃរាបានឆ្លងកាត់វគ្គនេះបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្ររហូតក្លាយជាម្ចាស់ជ័យលាភីនៅក្នុងការប្រកួតជាសាធារណៈ។

គួរសបញ្ជាក់ផងដែរថា កម្មវិធីប្រកួតនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធី ZOOM កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបេក្ខជនដែលមកពីសាលាផ្សេងៗគ្នា។ សម្រាប់ការប្រកួតមានលក្ខណៈតឹងតែង ដោយសារតែបេក្ខជននីមួយៗនឹងត្រូវបានដឹងពីប្រធានបទភ្លាមៗ ហើយមានពេលតែ ១៥ នាទីតែប៉ុណ្ណោះក្នុងការត្រៀមលក្ខណៈឡើងនិយាយ។

បើតាមយុវជន អ៊ឹង សង្ឃរា បានឱ្យដឹងទៀតថា យុវជនរូបបានដឹងពីឱកាសផ្សេងៗនៃការប្រកួតផ្សេងៗតាមរយៈបណ្តាញសង្គម និងស្វែងយល់ពីកម្មវិធីទាំងនោះបន្ថែមដោយខ្លួនឯង រហូតអាចមានភាពក្លាហានដាក់ពាក្យចូលរួមបន្តបន្ទាប់មិនថាការងារស្ម័គ្រចិត្ត ឬ ការប្រកួតនោះឡើយ។ តួយ៉ាង សង្ឃរា ធ្លាប់មានតួនាទីជា អនុប្រធានក្រុមនៃប្រឹក្សាសិស្សសាលា អន្តរទ្វីប អាមេរិកាំង ហើយឆ្នាំនេះ បេក្ខជនដ៏ឆ្នើមរូបនេះបានក្លាយជា ប្រធានក្រុមយុវសិស្សស្ម័គ្រចិត្តជួយគាំទ្រការងារបណ្ណាល័យម៉េងលី ជេ. គួច ផងដែរ។

តាមរយៈការចូលរួមកម្មវិធីជាច្រើនរយៈពេលប៉ុន្មានឆ្នាំនេះ សង្ឃរា សង្កេតឃើញខ្លួនឯងមានភាពក្លាហានច្រើនជាងមុន ទទួកបានចំណេះដឹងផ្សេងៗជាច្រើនដែលមិនធ្លាប់ដឹងពីមុនមក រួមទាំងអាចពង្រឹងជំនាញទន់របស់ខ្លួនបានប្រសើរជាងមុនមិនថាការងារជាក្រុម ឬ ការទាក់ទងជាមួយមនុស្សជុំវិញខ្លួននោះឡើយ។

ភាពខិតខំប្រឹងប្រែងដ៏សកម្មរបស់យុវជនរូបនេះ ធ្វើឱ្យយុវជនរូបនេះអាចសម្រេចក្តីស្រមៃរបស់ខ្លួនជាច្រើន ដែលយុវជនរូបនេះក៏បានជ័យលាភីក្នុងការប្រកួត National School Debate ដែលនឹងធ្វើការតំណាងកម្ពុជាទៅប្រកួតនៅក្រៅប្រទេសនៅឆ្នាំ២០២៤ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង