ភ្នំពេញ៖ កុមារា រឿម ម៉េងជូ ជាសិស្សថ្នាក់ទី៧ នៃសាលាសំបុកចាប។ កុមារារូបនេះមានអាយុ ១៣ឆ្នាំ រស់នៅជាមួយម្ដាយ និងបងប្អូនចំនួន ៣នាក់ទៀត។ ពីក្មេងដើររើសអេតចាយនៅលើគំនរសំរាមស្ទឹងមានជ័យ បច្ចុប្បន្នកុមារានេះ បានទទួលការអប់រំ ដែលល្អប្រសើរ តាមរយៈអង្គការមូលនិធិកុមារកម្ពុជា។ មិនតែប៉ុណ្ណោះ ត្រឹមវ័យ១៣ឆ្នាំ កុមារា រឿម ម៉េងជូ មានក្ដីស្រមៃបន្ដការសិក្សានៅសហរដ្ឋអាម៉េរិក និងធ្វើការជាអវកាសយានិក នៅក្រុមហ៊ុន The National Aeronautics and Space Administration (NASA) ថែមទៀតផង។
កុមារា រឿម ម៉េងជូ បានប្រាប់ស៊ីស៊ីថាមស៍ថា មុនស្គាល់អង្គការមូលនិធិកុមារកម្ពុជា ជីវភាពរស់នៅរបស់ក្រុមគ្រួសារម៉េងជូ មានភាពពិបាកខ្លាំង។ ពួកគេប្រកបរបរជាអ្នករើសអេតចាយ តាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១១ ឬ១២យប់ ហើយចំណូលដែលរកបាន គឺត្រឹមតែ១០ ០០០ ទៅ ២០ ០០០ រៀលប៉ុណ្ណោះ។ នៅពេលយប់ទើបម្ដាយរបស់ម៉េងជូ ទិញម្ហូបអារហារ មកហូបជុំគ្រួសារ។ កុមារា ម៉េងជូ ក៏បានជួយម្ដាយនៅក្នុងការដើររើសអេតចាយ ព្រោះប្រសិនបើមិនទៅជួយម្ដាយនោះទេ ពួកគេមិនអាចរកចំណូលបានសូម្បីតែ ១០ ០០០រៀលក្នុងមួយយប់។ ទោះបីពួកគេចំណាយពេលច្រើនម៉ោងនៅក្នុងការរើសអេតចាយ ប៉ុន្ដែប្រាក់ចំណូលដែលបានមកពីការរើសអេតចាយនោះ មិនអាចផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់នោះទេ ពោលពួកគេរកមួយថ្ងៃ បានសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។
កុមារា ម៉េងជូ បានបន្ដថា ទោះបីជីវភាពរស់នៅពិបាកក៏ដោយ ក៏នៅមុនពេលចូលសិក្សានៅសាលាមូលនិធិកុមារកម្ពុជា កុមារា ម៉េងជូ ធ្លាប់គិតថាជីវិតរបស់ខ្លួន នឹងមានការផ្លាស់ប្ដូរ នៅពេលបានចូលសិក្សានៅសាលាមួយដែលល្អ ហើយសព្វថ្ងៃនេះ ម៉េងជូ ក៏បានទទួលការអប់រំនៅក្នុងសាលាដ៏ល្អមួយ គឺសាលាមូលនិធិកុមារកម្ពុជា សាលាសំបុកចាប។ ស្របពេលដែលទទួលបានការអប់រំដែលល្អប្រសើរ កុមារា រឿម ម៉េងជូ ក៏មានក្ដីស្រមៃធ្វើការជាអវកាសយានិក នៅក្រុមហ៊ុន NASA នៅសហរដ្ឋអាម៉េរិក ផងដែរ។
ម៉េងជូ បានបញ្ជាក់ថា ថ្ងៃមួយ អំឡុងពេលកុមារា ម៉េងជូ បានជួបជាមួយគ្រូ នៅក្នុងអង្គការម្នាក់ ហើយក៏បានសួរនាំអំពីការសិក្សារបស់ម៉េងជូ ដែលនៅពេលនោះ ម៉េងជូ ក៏បានសិក្សានៅសាលរដ្ឋដែរ ប៉ុន្ដែដោយឃើញការរស់នៅរបស់កុមារារូបនេះ មានភាពពិបាកខ្លាំង ក៏បានណែនាំឱ្យកុមារា ម៉េងជូ ចុះឈ្មោះចូលរៀន ជាមួយអង្គការមូលនិធិកុមារកម្ពុជា នៅក្នុងឆ្នាំ២០១៩។ បន្ទាប់ពីបានស្គាល់អង្គការមូលនិធិកុមារកម្ពុជា ការរស់នៅរបស់ក្រុមគ្រួសាររបស់ពួកគេផ្លាស់ប្ដូរទាំងស្រុង តាំងពីការជីវភាពរស់នៅ ម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារៈសិក្សា ពោលគឺអង្គការមូលនិធិកុមារកម្ពុជា ជាអ្នកផ្គត់ផ្គង់ទាំងស្រុងទៅលើការសិក្សា និងអាហារ។
កុមារាវ័យ១៣ឆ្នាំរូបនេះ បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានការងារជាច្រើន ប៉ុន្ដែខ្លួនមានចំណាប់អារម្មណ៍ទៅលើការងារជាអវកាសយានិក ជាងការងារជាច្រើនទៀតនៅកម្ពុជា។ ដោយសារការស្រឡាញ់ផ្នែកស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ ទើបធ្វើឱ្យខ្លួនស្រលាញ់ការងារបែបនេះ។ ជាពិសេស ម៉េងជូ ក៏ចង់ឱ្យម្ដាយមានមោទនភាពចំពោះខ្លួន ដោយសារពាក្សសម្ដីរបស់ម្ដាយបាននិយាយមកកាន់ម៉េងជូថា «បើអាយុត្រឹមប៉ុណ្ណឹង ហើយបានទៅរៀននៅអាម៉េរិក ទោះគាត់ស្លាប់ទៅ ក៏គាត់បិទភ្នែកជិតដែរ»។
ម៉េងជូ បានឱ្យដឹងទៀតថា កត្តាដែលជំរុញលើកទឹកចិត្តខ្លួនឱ្យឈោងចាប់ក្ដីស្រមៃនេះ គឺខ្លួនឯង ម្ដាយ និងបងប្រុស។ ក្នុងដំណើរដើរទៅរកក្ដីស្រមៃ កុមារា ម៉េងជូ ប្រឹងប្រែងសិក្សាភាសាអង់គ្លេស សិក្សាស្វែងយល់ពីអវកាសយានិក និងសិក្សាមុខវិជ្ជាវិទ្យាសាស្ដ្រ។ ពិសេស មុខវិជ្ជាវិទ្យាសាស្ដ្រ ជាមុខវិជ្ជាគោលដែលត្រូវប្រឹងប្រែងសិក្សាដើម្បីត្រៀមសិក្សាជំនាញពាក់ព័ន្ធអវកាសយានិកនេះ ហើយមុខវិជ្ជាសំខាន់មួយទៀតនោះ គឺភាសាអង់គ្លេស។
ម៉េងជូ បាននិយាយទៀតថា អ្នកខ្លះអត់ជឿថា ខ្លួនអាចសម្រេចក្ដីស្រមៃនេះបានទេ ប៉ុន្ដែទោះបីជាយាងណាក៏ដោយ ក៏ខ្លួនជឿជាក់ថានឹងអាចសម្រចក្ដីស្រមៃរបស់ខ្លួនបាន ដោយសារមានម្ដាយ ដែលជាអ្នកជំរុញលើកទឹកចិត្តខ្លួនខ្លាំងបំផុត ចំពោះអាជីពការងារ ដែលខ្លួនស្រឡាញ់៕