រុស្សី៖ រុស្សីបានអះអាងថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅជាច្រើនរបស់អ៊ុយក្រែន រួមទាំងឃ្លាំងរំសេវមួយចំនួនទៀតដោយក្នុងនោះរុស្សីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន និងបានផ្តាច់ជីវិតកងកម្លាំងអ៊ុយក្រែនអស់ជាច្រើន។ ខណៈដែលអ៊ុយក្រែនបានអះអាងថា កងទ័ពរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលរុស្ស៊ីក្នុងការប្រយុទ្ធគ្នារវាងភាគីទាំងពីរក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការរបស់ប្រទេសទាំងពីរបានចេញផ្សាយនាថ្ងៃអង្គារទី ១៩ កញ្ញានេះ។
កងកម្លាំងរុស្ស៊ីបានវាយប្រហារទៅលើកងទ័ពអ៊ុយក្រែននៅតំបន់ Krasny Liman និង Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយបានវាយប្រហារប៉ុស្តិ៍បញ្ជាការ និងយោធភូមិភាគជាច្រើន នៅទិសដៅតំបន់ Donetsk និង Luhansk នៅភាគខាងកើត និង Kharkov នៅទិសភាគឦសាន ហើយបានបើកការវាយប្រហារលើទីតាំងសំខាន់ៗដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងឈជើង។ យោងតាមរបាយការណ៍សមរភូមិដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្សី បានឲ្យដឹងថា មីស៊ីល Storm Shadow និងគ្រាប់បែកអ៊ុយរ៉ានីញ៉ូមត្រូវបានបំផ្លាញថែមទៀតផង។ កងកម្លាំងរបស់រុស្សីក៏បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ២៧ គ្រឿង និងគ្រាប់រ៉ុក្កែត ៥ គ្រឿងដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក។
ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានចេញរបាយការណ៍សង្រ្គាមដោយនិយាយថាក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ការប្រយុទ្ធជាង ៣០ បានកើតឡើងនៅក្នុងតំបន់ជួរមុខ ហើយកងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារលើទីតាំងយោធារុស្សី និងឧបករណ៍របស់រុស្ស៊ីដែលរួមមាន មីស៊ីលការពារដែនអាកាស និងឃ្លាំងរំសេវផងដែរ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃចន្ទបានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយសម្រាប់អ៊ុយក្រែនដែលមានតម្លៃជាង ៤២៧ លានដុល្លារអាម៉េរិក។ លោកក៏បានបញ្ជាក់ថា ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដឹកនាំដោយសហរដ្ឋអាម៉េរិក នឹងបើកកិច្ចប្រជុំនៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងសហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន។ សន្និសីទនេះត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋមន្ត្រីការពារជាតិអាម៉េរិក Lioyd Austin ហើយបានប្រារព្ធឡើងចំនួនបួនដងមកទល់ពេលនេះ៕