Cctimesw1140xh150cm copy

ប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមានការសាងសង់ខឿនពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយដែលគេពុំធ្លាប់បានដឹងពីមុន ដែលមានជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នានៅរួតទីបីរបស់ប្រាសាទបាយ័ន។ ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណទាំងនេះ ក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន បានលើកឡើងថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័នដែល ខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងកំឡុងពេលសាងសង់នោះផងដែរ។

ក្រុមអ្នកបច្ចេកទេសបានសង្កេតឃើញថា ខឿនដែលសាងសង់មុន គឺមិនសូវមានក្បាច់រចនាទេ មានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯខឿនដែលសាងសង់ពង្រីកក្រោយ ឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្រស់ស្អាត។

ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបានស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ។ ក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិតនៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង