ភ្នំពេញ៖ យុវតី កៅ ម៉េងហ័ង ដែលជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យហ៊ុនសែនពាមជីកង បានចូលរួមកម្មវិធីពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាច្រើនទាំងក្នុងនិងក្រៅប្រទេស ទទួលបានពានរង្វាន់ជាច្រើននៅក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃ «STEMUNITY» ដើម្បីលើកកម្ពស់ការអប់រំបែបស្ទែមក្នុងប្រទេសកម្ពុជាក្នុងសំណាក់សិស្សវិទ្យាល័យ ដែលនឹងដាក់ដំណើរការនៅឆ្នាំ២០២៤។
យុវតី កៅ ម៉េងហ័ង កូនស្រីអ្នកកំពង់ចាមរូបនេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចេកវិទ្យាបានផ្លាស់ប្តូរការគិតរបស់ខ្លួនជាច្រើន និងផ្លាស់ប្តូរកញ្ញាពីក្មេងស្រីមួយរូបដែលមិនសូវចេះនិយាយស្តីច្រើន និងមិនសូវដឹងពីសង្គមខាងក្រៅ មកជាយុវតីមួយរូបដែលមានភាពក្លាហានក្នុងការនិយាយស្តី និងធ្វើការជាមួយមនុស្សថ្មីៗ ដោយសារតែខ្លួនបានប្រឡូកក្នុងវិស័យបច្ចេកវិទ្យាតាំងពីថ្នាក់ទី១០ មកម្ល៉េះរហូតមកដល់ពេលនេះ។ បច្ចុប្បន្ន យុវតី១៨ឆ្នាំរូបនេះកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យពាមជីកងដែលនឹងប្រលងបាក់ឌុបនៅប៉ុន្មានខែខាងមុខនេះ។
ថ្វីត្បិតតែឆ្នាំនេះជាឆ្នាំដែលយុវតីរូបនេះត្រូវប្រលងបាក់ឌុបក៏ពិតមែន តែវាមិនអាចរារាំងឆន្ទៈក្មេងស្រីរូបនេះពីការដើរតាមបេះដូងខ្លួនឯងធ្វើអ្វីដែលខ្លួនស្រលាញ់នោះឡើយ។ តាមរយៈការចូលរួមប្រឡូកក្នុងសង្គមប្រមាណបីឆ្នាំកាន់តែធ្វើឱ្យយុវតីរូបនេះកាន់តែមានការស្រលាញ់វិស័យបច្ចេកវិទ្យាកាន់តែច្រើនជាងមុន និងមានបំណងក្នុងការចូលរួមលើកស្ទួយវិស័យនេះឱ្យបានកាន់តែដិតដល់ថែមទៀតសម្រាប់យុវជនជំនាន់ក្រោយដើម្បីយល់ដឹងពីគុណតម្លៃនៃបច្ចេកវិទ្យា និងងាកមករកការចាប់ជំនាញបែបវិទ្យាសាស្រ្តដោយពុំមានការភ័យខ្លាច។
យុវតី ម៉េងហ័ង បានរៀបរាប់បន្តទៀតថា រយៈពេលប៉ុន្មានឆ្នាំនេះ ខ្លួនបានចូលរួមការប្រកួតជាច្រើន និងសិក្សាពីបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស តួយ៉ាងកញ្ញាបានចូលរួមក្នុងការប្រកួតជាមួយនឹងកម្មវិធីពាក់ព័ន្ធនឹងបច្ចេកវិទ្យាដូចជា Technovation Girls, The 11th E-icon World Contest, Tech Girls, New Generation Future - UNICEF (Ladies in Tech), និង Skill4Girls - UNICEF Innovation ។ លើសពីនេះទៅទៀត ធ្លាប់បានចូលរួមប្រកួតក្នុងការធ្វើបទបង្ហាញពីធុរកិច្ចបែបថ្មីនៅក្នុងកម្មវិធីមួយចំនួនដូចជា ពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យឆ្នាំ២០២២, Bandos Digital Startup 2023, Digital Platform Accelerator និង Business Model Competition។
ត្រឹមវ័យ១៨ ឆ្នាំ ដែលសិក្សាក្នុងថ្នាក់ទី១២ យុវតីដ៏ក្លាហានមួយនេះ ធ្លាប់បានចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនដូចជា នៅសហរដ្ឋអាម៉េរិក ស៊ុយអែត ឥណ្ឌូនេស៊ី និងប្រទេសជប៉ុន ដែលបណ្តាលឱ្យខ្លួនអាចមានភាពក្លាហានក្នុងការធ្វើរឿងជាច្រើនដោយមិនមានភាពរួញរា ដែលជាពិសេស គឺកំពុងតែបង្កើតកម្មវិធីទូរស័ព្ទដៃសម្រាប់យុវជនដើម្បីអាចចូលទៅសិក្សាពីមុខវិជ្ជាផ្សេងៗបែបកម្សាន្តផងអប់រំផងពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្រទាប់យុវជនពីគ្រប់បណ្តាទីតាំងនានានៅក្នុងប្រទេសកម្ពុជាឱ្យមានឱកាសស្មើៗគ្នាក្នុងការចូលសិក្សានៅក្នុងកម្មវិធីទាំងនេះ។ កម្មវិធី STEMUNITY កំពុងតែស្ថិតនៅក្នុងក្រោមការបង្កើតនិងផ្តួចផ្តើមដោយយុវជន ៤រូប រួមគ្នាជាមួយនឹង យុវតី កៅ ម៉េងហ័ង ហែម ចាន់ធីតា អ៊ាប ស៊ីមីអូរិកសេម និងព្រាប សុម៉ានិត។
គួរបញ្ជាក់ផងដែរថា ដោយសារតែឆ្នាំនេះជាឆ្នាំដែលកញ្ញាមានការប្រលងបាក់ឌុប ដូចនេះហើយទើបការដំណើរការកម្មវិធីមួយនេះត្រូវបានធ្វើឡើងក្រោយការប្រលង ដើម្បីអាចឱ្យខ្លួន និងសមាជិកក្រុមផ្តោតលើការប្រលងជាមុនសិន៕