
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ កញ្ញា បានចេញសេចក្ដីជូនដំណឹងពីស្ដីអីព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងកើតទ្បើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ។
សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ជាសមរាត្រីនារដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលកើតឡើងជារៀងរាល់ឆ្នាំចំនួន ២លើក នៅក្នុងខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត៕


