ភ្នំពេញ៖ Solo Landscapes គឺជាភ្នាក់ងារទេសចរណ៍ ដែលផ្ដោតសំខាន់ទៅលើការធ្វើដំណើរកម្សាន្ដទៅកាន់តំបន់អេកូទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។ ដំណើរកម្សាន្ដ តាមបែបទេសចរណ៍ធម្មជាតិ នេះ មិនត្រឹមតែជួយទៅលើការដើរលេងតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានបង្កើតការងារដល់ប្រជាសហគមន៍ ក៏ដូចជាជំរុញការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា តាមរយៈរូបភាព វីដេអូ និងការបង្កើតនូវមាតិកាផ្សេងៗ ថែមទៀតផង។
លោក ហ៊ន សុខចាន់លីដា ដែលមានឈ្មោះហៅក្រៅថា វណ្ណដា និងជាស្ថាបនិក Solo Landscapes បានប្រាប់ស៊ីស៊ីថាមស៍ថា លោកជាមនុស្សម្នាក់ចូលចិត្តដើរលេង ថតរូប និងផលិតវីដេអូផ្សេងៗ ដែលពាក់ព័ន្ធនិងការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ នៅកម្ពុជា។ ដូច្នេះលោកក៏បង្កើត Solo Landscapes ជាភ្នាក់ងារទេសចរណ៍ ដើម្បីជួយផ្សព្វផ្សាយអំពីអេកូទេសចរណ៍ ក៏ដូចជាជួយជួយផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ ដែលមិនសូវមានអ្នកស្គាល់ និងជួយឱ្យសហគមន៍នោះមានទីផ្សារ តាមរយៈការដែលចូលចិត្តដើរកម្សាន្ដបែបធម្មជាតិ។
លោក វណ្ណដា បានបន្ដថា Solo Landscapes បានជួយសហគមន៍ នៅក្នុងការជួយផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ នៅក្នុងសហគមន៍ តាមរយៈការបង្កើតជាការសេវាកម្មនាំភ្ញៀវទៅតំបន់អេកូទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដូចជាការដើរលេងរួមគ្នា (public group) និងការដើរលេងលក្ខណៈឯកជន។ Solo Landscapes រៀបចំដំណើរកម្សាន្ដតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ដំណើរកម្សាន្ដ រួមទាំងការធានានូវសុវត្ថិភាព ផងដែរ ជាពិសេស Solo Landscapes បានផលិតរូបភាព វីដេអូ និងបង្កើតជាមាតិកាផ្សេងៗ ក្នុងការជួយផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ នៅកម្ពុជា ផងដែរ។
បច្ចុប្បន្ន តំបន់អេកូទេសចរណ៍បានក្លាយជាទិសដៅទេសចរណ៍ ដែលមានប្រជាប្រិយភាពសម្រាប់យុវជន និងអ្នកដែលចូលចិត្តផ្សងព្រេង។ ស្របពេលដែលតំបន់ទាំងនោះក្លាយជាទិសដៅទេសចរណ៍ វាបានធ្វើឱ្យកំណើនអ្នកធ្វើដំណើរកម្សាន្ដទៅកាន់តំបន់ទាំងនោះកាន់តែកើនឡើង។ នៅពេលមានកំណើនភ្ញៀវទេសចរណ៍ទៅកម្សាន្ដតំបន់នោះច្រើន នឹងបង្កឱ្យមានផលប៉ះពាល់ ដូចជាសម្លេងរំខាន ការបំពុល ជាពិសេសជីវៈចម្រុះនៅទីតាំងនោះ នឹងអាចបាត់បង់ម្ដងបន្ដិចៗ ដោយសារជំរំខ្លះ ត្រូវប្រើភ្លើងអុសរហូត ដែលធ្វើឱ្យព្រៃឈើនៅតំបន់នោះចាប់ផ្ដើមបាត់បង់ ដោយសារការប្រើប្រាស់ច្រើនលើសលប់។
ស្របពេលជាមួយគ្នា សត្វព្រៃក៏អាចធ្វើការផ្លាស់ប្ដូរទីលំនៅរបស់ពួកគេដែរ ដោយសារការរំខានពីសំណាក់ភ្ញៀវទេសចរណ៍។ បន្ថែមពីនេះ នៅពេលដែលប្រជាសហគមន៍ផ្ដោតសំខាន់ទៅលើការធ្វើអាជីវកម្មច្រើនពេក អាចធ្វើឱ្យពួកគេភ្លេចការការពារបរិស្ថាន ឬក៏ការចុះល្បាត ជាដើម។ ទោះបីជាមានផលប៉ះពាល់ខ្លះក៏ដោយ ប៉ុន្ដែអត្ថប្រយោជន៍ដែលទទួលបានពីអេកូទេសចរណ៍ មានច្រើនជាងផលប៉ះពាល់។ ក្នុងករណី ដែលប្រជាសហគមន៍ទទួលបានចំណូលច្រើន ពីវិស័យទេសចរណ៍ ពួកគេនឹងបញ្ឈប់ការរស់នៅដោយពឹងផ្អែកលើជីវៈចម្រុះ ហើយងាកមកអាស្រ័យផលវិស័យទេសចរណ៍វិញ។
លោក វណ្ណដា បានឱ្យដឹងទៀតថា ចូលរួមដំណើរកម្សាន្ដជាមួយ Solo Landscapes ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បន្ដិចបន្ដួចនោះទៅលើបរិស្ថាន។ Solo Landscapes គិតគូខ្លាំងទៅលើការដើរលេង ដែលមិនបង្កឱ្យមានផលប៉ះពាល់លើបរិស្ថាន ជាពិសេសការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក សម្អាតជំរំ ចូលរួមធ្វើយ៉ាងណាឱ្យពួកគេទទួលបានចំណេះដឹង ក្នុងការចូលរួមការពារទីតាំងនោះ និងប្រើប្រាស់សេវាកម្មទេសចរណ៍របស់ប្រជាសហគមន៍ តាមដែលអាចធ្វើទៅបាន៕